ក្រុមយុវជន បង្ហាញការប្ដេជ្ញាចិត្តខិតខំសិក្សាលើបច្ចេកវិទ្យា ដើម្បីការពារជាតិប្រឆាំងការឈ្លានពាន និងជួយការអភិវឌ្ឍជាតិឆ្ពោះទៅប្រទេសអភិវឌ្ឍន៍ឆ្នាំ២០៥០។

យុវជនដែលមកចូលរួមកម្មវិធី ពិព័រណ៍ផលិតផលខ្មែរ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រកោះពេជ្រ ប្រាប់ BTV ថា ពួកគេ កំពុងសិក្សាបន្ថែមលើបច្ចេកវិទ្យា និងបានចូលរួមប្រកួតពីបច្ចេកវិទ្យាជាច្រើនលើកមកហើយ។ ពួកគេថា ការចាប់អារម្មណ៍លើបច្ចេកវិទ្យា ដោយសារពិភពលោកកំពុងងាកទៅប្រើបច្ចេកវិទ្យាកាន់តែខ្លាំង និងការឈ្លានពានពីយោធាថៃ កាលពីឆ្នាំ២០២៥ ដែលជំរុញទឹកចិត្តពួក ខិតខំសិក្សាលើបច្ចេកវិទ្យា ដើម្បីការពារជាតិ និងចូលរួមអភិវឌ្ឍន៍ជាតិឆ្ពោះទៅឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

យុវជន ផលលាភ រស់នៅរាជធានីភ្នំពេញ ប្រាប់ថា លោកចាប់អារម្មណ៍ការសិក្សាលើបច្ចេកវិទ្យា ពីព្រោះបច្ចេកវិទ្យា ផ្ដល់អត្ថប្រយោជន៍ខ្លាំង ជួយលើកិច្ចការប្រចាំថ្ងៃទាំងវិស័យឧស្សាហកម្ម ធនាគារ កសិកម្ម និងវិស័យយោធា។ ហើយរូបលោកបានចូលរួមប្រកួត ពីកាប្រើប្រាស់បច្ចេកវិទ្យាជាច្រើនលើករួចមកហើយ។ លោកបង្ហាញការប្ដេជ្ញាខិតខំសិក្សាលើបច្ចេកវិទ្យានេះឱ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីចូលរួមការអភិវឌ្ឍសង្គមជាតិ ឆ្ពោះទៅឆ្នាំ២០៥០។

យុវជន ម៉េង ជឺ រស់នៅខេត្តកណ្ដាល បានប្រាប់ ថា លោកចាប់អារម្មណ៍សិក្សាលើបច្ចេកវិទ្យា បន្ទាប់ពីឃើញការអភិវឌ្ឍបច្ចេកវិទ្យារបស់ប្រទេសជឿនលឿនរីកចម្រើនខ្លាំង។ ហើយអ្វីដែលជំរុញលោកកាន់តែខ្លាំង គឺទង្វើឈ្លានពានរបស់យោធាថៃ កាលពីឆ្នាំ២០២៥ ដោយប្រើបច្ចេកវិទ្យាទំនើបបាញ់បំផ្លាញផ្ទះរបស់ពលរដ្ឋខ្មែរ។ លោកប្ដេជ្ញាខិតខំសិក្សាលើបច្ចេកវិទ្យានេះឱ្យកាន់តែខ្លាំងដើម្បីការពារសង្គមជាតិ និងជំរុញការអភិវឌ្ឍប្រទេសជាតិ។

លោក អ៊ិន សំបូរ ប្រធានគ្រប់គ្រងទូទៅ ផ្នែកទីផ្សារ នៃ Ai Farm Robotics Factory a loving code លើកឡើងថា បច្ចេកវិទ្យាកាន់តែទំនើប កម្ពុជា ដើម្បីបោះជំហានកាន់តែលឿនក្នុងការអភិវឌ្ឍជាតិ ពិតជាចាំបាច់ក្នុងការបណ្ដុះបណ្ដាលយុវជនលើបច្ចេកវិទ្យា។ ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តជំរុញយុវជនឱ្យចាប់យកបច្ចេកវិទ្យាកាន់តែខ្លាំង។ លោកលើកទឹកចិត្តយុវជន ចាប់យកបច្ចេកវិទ្យា ដើម្បីដើរឱ្យទាន់ការអភិវឌ្ឍរបស់ពិភពលោក។
សូមជម្រាបជូនថា ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦នេះ មានស្ដង់ចំនួន ២២៣ ដែលមានទាំងកសិកម្ម ឧស្សាហកម្ម សិប្បកម្ម និងបច្ចេកវិទ្យា យកមកបង្ហាញពីសមិទ្ធផលខ្មែរធ្វើបាន ដល់ពលរដ្ឋ ពិសសយុវជន ដើម្បីជំរុញចលនាគាំទ្រផលិតផលខ្មែរ និងការចូលរួមការអភិវឌ្ឍជាតិ៕ អត្ថបទ : លៀ ស៊ីណា






