ស្របតាមនិយាមនីតិវិធីប្រតិបត្តិ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញផ្ទាល់ក្នុងការពិនិត្យ និងបើកបន្ទប់សុវត្ថិភាព (Seal) នៅសាលាភូមិន្ទរដ្ឋបាល ដើម្បីចាប់ផ្តើមដំណើរការកំណែសន្លឹកកិច្ចការរបស់បេក្ខជនទាំងអស់ ដែលបានចូលរួមក្នុងការប្រឡងប្រជែងជ្រើសរើសមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម (អ.ស.ត.ម.) កាលពីរសៀលថ្ងៃម្សិលមិញ។
ការធ្វើកំណែធ្វើឡើងរយៈពេលមួយថ្ងៃប៉ុណ្ណោះ ដោយការប្រកាសលទ្ធផលគ្រោងប្រព្រឹត្តិទៅនៅល្ងាចថ្ងៃទី៩វិច្ឆិកានេះតែម្ដង។ បេក្ខជនដែលប្រឡងជាប់ដំណាក់កាលសរសេរ និងត្រូវឆ្លងកាត់ដំណាក់កាលវិញ្ញាសាផ្ទាល់មាត់ជាដំណាក់កាលចុងក្រោយ។ ការប្រឡងនេះ ជ្រើសរើសមន្ត្រីចំនួន ៤១នាក់ ខណៈបេក្ខជនចូលរួមប្រកួតប្រជែងសរុប ១០១៥នាក់។








