មន្ត្រីរាជការ និងនិស្សិត បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅមិនអាចកាត់ថ្លៃបានពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដជូនកម្ពុជា។

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៦) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង។
មន្ត្រីរាជការ និស្សិត ប្រជាពលរដ្ឋបានថ្លែងថា ទិវាឯករាជ្យជាតិលើកទី៧៣ គឺជាការរំលឹកឡើងវិញនៅព្រះរាជ្យបូជនីយកិច្ចរបស់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋដែលព្រះអង្គបានទាមទារឯករាជ្យជូនប្រទេសជាតិ។ គុណូបការៈរបស់ព្រះអង្គមិនអាចកាត់ថ្លៃបានឡើយពីព្រោះព្រះអង្គបានបូជាកម្លាំងកាយចិត្តធ្វើការតស៊ូទាមទារទម្រាំតែទទួលបានឯករាជ្យពេញលេញ។ ចំពោះវីរភាពដ៏គំរូនេះកូនខ្មែរគ្រប់រូបចងចាំជានិច្ចមិនអាចបំភ្លេចបាននិងនាំគ្នារក្សាឲ្យបានគង់វង្សពីព្រោះទម្រាំតែទទួលបានឯករាជ្យគឺមានការលំបក់ខ្លាំងណាស់។ ៩ វិច្ឆិកា ពិតជាមានគុណតម្លៃសម្រាប់យុវជនជំនាន់ក្រោយដែលទទួលបានសមិទ្ធផលដល់ឧត្តុង្គឧត្តមក្រោមការដឹកនាំរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ដែលបានទាមទារឯករាជ្យពីបារាំង រហូតដល់ក្លាយជាប្រទេសដែលមានឯករាជ្យពេញលេញមានកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ ដែលជាកេរ្តិ៍ដំណែលដ៏មានតម្លៃសម្រាប់ប្រទេសជាតិ។
សូមជម្រាបថា បារាំងបានដាក់អាណានិគមលើកម្ពុជា អស់រយៈពេលជិតមួយសតវត្ស (១១ សីហា ១៨៦៣ – ៩ វិច្ឆិកា ១៩៥៣)។ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ដដ៏ឧត្តុង្គឧត្តមរបស់ព្រះបរមរតនកោដ្ឋ កម្ពុជាបានទទួលឯករាជ្យទាំងស្រុងពីបារាំង។ ប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស បានថ្វាយព្រះកិត្តិនាមព្រះអង្គជា «ព្រះមហាវីរបុរសជាតិ ព្រះបិតាឯករាជ្យជាតិ»៕ អត្ថបទ៖ វង្ស សុភាព










