គិតត្រឹមល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ បានដំណើរការប្រកួតពាក់កណ្ដាលផ្លូវហើយ មុនឈានដល់ថ្ងៃបិទនាថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខ ស្របពេលក្រសួងមហាផ្ទៃ និងខេត្តកណ្ដាល កំពុងឈរកំពូលតារាងមេដាយរៀងៗខ្លួន។

សម្រាប់ការប្រកួតកីឡាជាតិ លើកទី៥ ក្រុមកីឡាក្រសួងមហាផ្ទៃ កំពុងឈរកំពូលតារាង ដោយឈ្នះមេដាយសរុប ៤៣គ្រឿង រួមមានមេដាយមាស២២ ប្រាក់១៣ និងសំរឹទ្ធ៨ តាមពីក្រោយដោយក្រសួងការពារជាតិ ឈរលេខ២ ឈ្នះមេដាយសរុប ៤គ្រឿង (មាស១៤ ប្រាក់១១ និងសំរឹទ្ធ១៥) និងខេត្តត្បូងឃ្មុំ ឈរលេខ៣ ឈ្នះមេដាយសរុប ២០គ្រឿង(មាស៥ ប្រាក់៧ និងសំរឹទ្ធ៤) ហើយមានក្រសួង និងរាជធានី-ខេត្តជាច្រើនទៀត ដែលឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធ ស្របពេលមាន ៤ខេត្តពុំទាន់ឈ្នះមេដាយសោះ គឺមានខេត្តឧត្ដរមានជ័យ[V1] ខេត្តស្វាយរៀង, ខេត្តក្រចេះ និងខេត្តព្រះវិហារ។
ដោយឡែកតារាងមេដាយបណ្ដោះអាសន្នក្នុងការប្រកួតកីឡាជាតិជនពិការ លើកទី៣ វិញ គឺក្រុមអត្តពលិកជនពិការខេត្តកណ្ដាល កំពុងឈរកំពូលតារាងបណ្ដោះអាសន្ន ដោយដណ្ដើមបានមេដាយសរុប ៥គ្រឿង(មាស៣ ប្រាក់១ និងសំរឹទ្ធ១) តាមពីក្រោយដោយរាជធានីភ្នំពេញ ឈ្នះមេដាយសរុប ៥គ្រឿង (មាស២ ប្រាក់១ និងសំរឹទ្ធ២), ខេត្តសៀមរាប ឈរលេខ៣ ឈ្នះមេដាយសរុប ៣គ្រឿង (មាស១ និងប្រាក់ ២) រួមជាមួយបណ្ដាលខេត្តមួយចំនួន ដែលរកបានមេដាយ លើកលែង ៤ខេត្ត ដែលពុំទាន់ឈ្នះមេដាយសោះ គឺមានខេត្តតាកែវ, ខេត្តព្រៃវែង, ខេត្តស្ទឹងត្រែង និងខេត្តស្វាយរៀង។
គួរដឹងថា ព្រឹត្តិការណ៍កីឡាកំពូលរបស់កម្ពុជា ២ឆ្នាំម្ដងនេះ បានចាប់ផ្ដើមការប្រកួតពីថ្ងៃទី៥ មុនប្រារព្ធពិធីបើកផ្លូវការ នៅថ្ងៃទី៧ ខែវិច្ឆិកា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហើយគ្រោងនឹងបិទបញ្ចប់នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។ សម្រាប់ការប្រកួតកីឡាជាតិ លើកទី៥ គឺមានកីឡា ៣២ប្រភេទ និងកីឡាជាតិជនពិការ លើកទី៣ គឺមានកីឡា ១០ប្រភេទ ដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡា កំណត់រៀបចំក្នុងការប្រកួតឆ្នាំនេះ៕ អត្ថបទ លី ឈុនឡា




