សមត្ថកិច្ច៖ អ្នកបើករថយន្ដបើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ទើបធ្លាក់​ចូល​ស្រះទឹ​ក​ស្លាប់​សិស្ស ៥នាក់

2026/11/10 04:06:06 pm        365

ករណីរថយន្តដឹកសិស្សសាលាធ្លាក់ចូលស្រះទឹកស្លាប់សិស្ស ៥នាក់ សមត្ថកិច្ចសន្និដ្ឋានថា អ្នក​បើក​បរ​រថយន្ដបង្កបើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបង្ហាញឲ្យដឹងថា ករណី​គ្រោះ​ថ្នាក់ចរាចរណ៍ផ្លូវគោក ដែលមានរថយន្តដឹកសិស្សសាលាធ្លាក់ចេញពីផ្លូវជាតិ ចូលស្រះទឹក​បណ្តាល​ឲ្យ​ស្លាប់ ៥នាក់ របួសធ្ងន់ ៣នាក់ និងរបួសស្រាល ១៨នាក់ សមត្ថកិច្ចសន្និដ្ឋានថា អ្នក​បើកបរ​រថយន្ដបង្ក បើកបរល្បឿនលឿន ស្របពេលដែលមានម៉ូតូឆ្លងកាត់ផ្លូវ ហើយរថយន្ត​បើកបរ​គេច​ទៅ​ស្ដាំ​ខ្វះ​ការប្រុងប្រយ័ត្ន។

របាយការណ៍ដដែលឲ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង១០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ២៨ និងគីឡូម៉ែត្រ២៩ ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

លោកគ្រូវិន័យ លី ប៊ុនឆៃ អគ្គនាយករងសាលាប៊ែលធី បានលើកឡើងលើបណ្ដាញសង្គមផ្ទាល់ខ្លួនឲ្យដឹងថា សិស្សសាលាប៊ែលធីចំនួន២៦នាក់ ដែលធ្វើដំណើរតាមរយៈរថយន្ដឈ្នួលឯកជន មិនមែនរថយន្តរបស់សាលា បានជួបគ្រោះថ្នាក់ចរាចរណ៍ព្រឹកមិញនេះ បានបាត់បង់ជីវិត ៥នាក់។

ឧកញ៉ា លី ឆេង ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានបង្ហាញពីអារម្មណ៍រន្ធត់ និងសោកស្តាយយ៉ាងក្រៃលែង ក្រោយពីបានទទួលដំណឹងដ៏សែនក្រៀមក្រំ ចំពោះមរណភាពរបស់សិស្សប៊ែលធី ចំនួន៥នាក់ ដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ និងបានអមដំណើរឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញសួរសុខទុក្ខសិស្សដែលរងរបួស និងផ្តល់កម្លាំងចិត្តដល់អាណាព្យាបាលសិស្ស ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងជូនពរឱ្យសិស្សរងរបួសទាំងអស់ ឆាប់បានជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចូលរួមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ជីវិតរបស់ក្មួយៗសិស្សសាលា ដែលមានទីលំនៅក្នុងស្រុកពារាំង ខេត្តព្រៃវែង ក្នុងឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏សោកសង្រេងនេះ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានបណ្តាលឱ្យបាត់បង់ជីវិតសិស្សសាលា ៥នាក់ រស់នៅស្រុកពារាំង ខេត្តព្រៃវែងនេះ គឺជាសោកនាដកម្មដ៏សែនខ្លោចផ្សាមួយ និងជាការបាត់បង់នូវយុវជនបន្តវេន ដែលជាធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសជាតិនាពេលអនាគត។

ទាក់ទិនគ្រោះថ្នាក់នេះ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបង្ហាញឲ្យដឹងថា បង្កឡើងដោយរថយន្តម៉ាក MITSUBISHI ប្រភេទទេសចរណ៍២៥កៅអី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A -5603 បើកបរដោយឈ្មោះ ម៉ែន ធារិទ្ធ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ នៅក្នុងរថយន្តមានសិស្សសាលាប៊ែលធី ចំនួន ២៦នាក់ ដោយក្នុងនោះស្លាប់ចំនួន ៥នាក់ ភេទស្រី របួសធ្ងន់ ៣នាក់ និងរបួសស្រាល ១៨នាក់។

របាយការណ៍ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបញ្ជាក់ថា រថយន្តបើកបរទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ មានម៉ូតូ១គ្រឿង បើកបញ្រ្ចាស់ទិសចរាចរណ៍ ពីលិចទៅកើត បត់ស្ដាំទៅត្បូងឆ្លងផ្លូវ អ្នកបើករថយន្តបើកគេចទៅស្ដាំរបស់ខ្លួនរេចេញពីទ្រូងផ្លូវធ្លាក់ចូលស្រះទឹក លិចក្នុងស្រះទឹក បណ្ដាលឲ្យមនុស្សរងគ្រោះចំនួន ២៦នាក់។ ក្រោយពេលកើតហេតុ កម្លាំងជំនាញចរាចណ៍ស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលព្រែកតាមាក់ ចុះដល់កន្លែងកើតជួយសង្រ្គោះ ពិនិត្យកន្លែងកើតហេតុ ធ្វើការវាស់វែង ដកហូតយកវត្ថុតាង រក្សាទុកនៅអធិការដ្ឋាន ហើយឃាត់ខ្លួនអ្នកបើកបរសួរនាំ និងធ្វើតេស្តជាតិ អាល់កុល ធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផលអវិជ្ជមាន និងសម្រេចឃាត់ខ្លួនអ្នកបើកបរនៅអធិការដ្ឋានស្រុកខ្សាច់កណ្ដាល ដើម្បីបន្តនិតិវិធី៕ អត្ថបទ ៖ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

ផ្លូវជនបទកំពុងផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ តាមរយៈការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច
2026/11/10 07:05:19 pm        1
យុវជនអ្នកបន្តវេន៖ ការបំពេញកាតព្វកិច្ចយោធារបស់យុវជនគឺពង្រឹងស្មារតីជាតិនិយម
2026/11/10 05:22:46 pm        1
រដ្ឋមន្ត្រីការបរទេសកម្ពុជាជួបជាមួយអគ្គលេខាធិការ OIF ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
2026/11/10 05:15:17 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាតាបញ្ជាក់​ថា អាមេរិក និង​អ៊ីរ៉ង់ ផ្ដល់​ការ​ឆ្លើយ​តប​វិជ្ជមាន​ ចំពោះកិច្ចប្រឹងប្រែង​សម្រប​សម្រួល​

2026/11/10 07:21:55 pm
​ប៉ាគីស្ថានបង្កើនវិធានការបង្ក្រាបការបំភាយឧស្ម័នពុលរបស់រថយន្ត ខណៈផ្សែងអ័ព្ទកាន់តែធ្ងន់ធ្ងរនៅទីក្រុង Lahore
2026/11/10 07:15:23 pm
​ប៉ាគីស្ថាន៖ ការដុត​កាំជ្រួចភ្ញី ក្នុងពិធីបុណ្យ Diwali របស់ឥណ្ឌា បង្ក​ឱ្យមាន​​ខ្យល់ពុល នៅ​ទី​ក្រុង Lahore
2026/11/10 07:14:00 pm
​សិស្សានុសិស្ស នៅបារាំង បិទសាលារៀនរាប់សិបកន្លែង ដើម្បី​បន្ត​ដាក់សម្ពាធ​រដ្ឋាភិបាល​​
2026/11/10 07:11:45 pm
​ផ្លូវជនបទកំពុងផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ តាមរយៈការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច
2026/11/10 07:05:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/10 06:14:10 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/10 03:23:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/09 01:59:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/10 09:22:28 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm