លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អាប់ឌែររ៉ាហ៊ីម រ៉ាហ៍ហាលី (Abderrahim Rahhaly) ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រម៉ារ៉ុក និងលោក មូស្ដាហ្វា រ៉ាឈីដ (M'Stfa Rachid) តំណាងក្រសួងយុវជន វប្បធម៌ និងទំនាក់ទំនង (កីឡា) របស់ព្រះរាជាណាចក្រម៉ារ៉ុក ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីលើវិស័យវប្បធម៌, នាទីសី្តការក្រសួង ព្រឹកថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២៦នេះ។

នាឱកាសដ៏មានអត្ថន័យនោះ លោកជំទាវបណ្ឌិតសភាចារ្យ ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីម៉ារ៉ុក ដែលបានទទួលយកសំណើរបស់ភាគីកម្ពុជា ក្នុងការផ្តល់អាហារូបករណ៍ដល់និស្សិត និងអ្នកជំនាញកម្ពុជា លើវិស័យសិល្បៈ ភាពយន្ត និងបុរាណវិទ្យា។ ការសម្រេចផ្តល់អាហារូបករណ៍ និងការគាំទ្រលើការបណ្តុះបណ្តាលធនធានមនុស្សនាពេលនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការជម្រុញការផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាការរឹតចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ម៉ារ៉ុក ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត នាពេលអនាគត។
សូមបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៦នេះ គឺជាខួបលើកទី៣០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងម៉ារ៉ុក។ ដើម្បីអបអរសាទរមហាព្រឹត្តិការណ៍នេះ គណៈប្រតិភូរបស់ប្រទេសម៉ារ៉ុក នឹងអញ្ជើញមកសម្តែងកម្មវិធី «ទិវាវប្បធម៌» នៅសាលសន្និសីទចតុម្មុខ នាល្ងាចថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២៦ នេះ។ បន្ថែមពីលើនេះ ក៏មានកម្មវិធីអបអរសាទរខួបលើកទី៣០ ដ៏ធំមួយទៀត ដែលនឹងត្រូវរៀបចំឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រ៉េជេនស៊ី (Hyatt Regency) ផងដែរ។ ការប្រារព្ធទិវាវប្បធម៌ម៉ារ៉ុកនៅកម្ពុជានាពេលនេះ គឺជាការបោះជំហានថ្មីមួយបន្ថែមទៀត បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) វប្បធម៌រវាងប្រទេសទាំងពីរ។ ឆ្លើយតបទៅនឹងកាយវិការដ៏ស្មោះត្រង់នេះ ភាគីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ក៏កំពុងត្រៀមខ្លួននាំយកការសម្តែងសិល្បៈដ៏វិសេសវិសាល ដែលបង្ហាញអំពីអត្តសញ្ញាណ និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ទៅសម្តែងនៅលើទឹកដីនៃប្រទេសម៉ារ៉ុកដូចគ្នា ក្នុងគោលបំណងបង្ហាញ និងផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិឱ្យកាន់តែច្បាស់ទូលំទូលាយ។
សូមរំលឹកឡើងវិញថា កាលពីថ្ងៃទី១-៧ ខែកុម្ភះ ឆ្នាំ២០២៦ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូកម្ពុជា ដើម្បីបំពេញទស្សនកិច្ចការងារ និងចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ រវាងរដ្ឋាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រម៉ារ៉ុក នៅទីក្រុង Rabat ព្រះរាជាណាចក្រម៉ារ៉ុក។ កិច្ចព្រមព្រៀងនេះ ផ្តោតសំខាន់ទៅលើវិស័យដូចជា៖ ការងារអភិរក្ស បេតិកភណ្ឌ ការស្រាវជ្រាវ ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ការគ្រប់គ្រងបណ្ណាល័យ និងបណ្ណាសារដ្ឋាន៕ អត្ថបទ រដ្ឋា


