ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៧ឆ្នាំកម្ពុជា នៅមិនទាន់រកបានពិន្ទុពីការប្រកួតជម្រុះពានរង្វាន់ទ្វីបអាស៊ីយុវជនអាយុក្រោម ១៧ឆ្នាំ AFC U17 Asian Cup 2027 នៅប្រទេសមីយ៉ាន់ម៉ាឡើយ ក្រោយបន្ដបរាជ័យទល់ក្រុមជម្រើសជាតិយុវជន U17 អាហ្វហ្គានីស្ថាន ដោយលទ្ធផល ៣-០ កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកាកន្លងទៅ។
ការប្រកួតទី២ ក្នុងពូលA ក្រុមយុវជនកម្ពុជា នៅតែធ្វើមិនសូវបានល្អ ដោយវគ្គទី១ ត្រូវបានក្រុមយុវជន U17 អាហ្វហ្គានីស្ថាន ១គ្រាប់មុន តាមរយៈការភ្លាត់ចូលទីខ្លួនឯង(Own Goa) ពីកីឡាករ អ៉ីត សំអ៊ុន នៅនាទី១៨ មុនអាហ្វហ្គានីស្ថាន រកបាន ២គ្រាប់បន្ថែម ដោយកីឡាករ Jaweed Sadiqi នៅនាទី៥៣ និងកីឡាករ Mojtaba Haidar នៅនាទី៨៨ ដើម្បីធានាបាន ៣ពិន្ទុបន្ថែម។
នេះគឺជាជ័យជម្នះលើកទី២ របស់ក្រុមជម្រើសជាតិយុវជន U17 អាហ្វហ្គានីស្ថាន ដែលធ្វើឲ្យពួកគេមានសង្ឃឹមក្នុងការប្រជែងកៅអីវគ្គបន្ដ តែជាការបរាជ័យលើកទី២ របស់ក្រុមគោព្រៃជំទង់កម្ពុជា បន្ទាប់ពីបើកឆាកចាញ់ហ្វីលីពីន ២-១ ។ ទោះបីនៅសល់ ២ប្រកួតក្នុងដៃ តែការមិនទាន់រកបានពិន្ទុក្នុងដៃពេលនេះ បានធ្វើឲ្យក្រុមជម្រើសជាតិយុវជន U17 កម្ពុជា ស្ទើរអស់ឱកាសក្នុងប្រជែងកៅអីវគ្គបន្ដ។
គួរដឹងថា បច្ចុប្បន្នក្រុមជម្រើសជាតិយុវជន U17 អាហ្វហ្គានីស្ថាន កំពុងឈរកំពូលតារាងមាន ៦ពិន្ទុ តាមពីក្រោយដោយក្រុមជម្រើសជាតិយុវជន U17 ឥណ្ឌូនេស៊ី ដែលទើបទទួលបានជ័យជម្នះពីការប្រកួតដំបូង ដោយយកឈ្នះក្រុមយុវជនហ្វីលីពីន ៣-០ មាន ៣ពិន្ទុស្មើហ្វីលីពីន គ្រាដែលក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា និងកម្ពុជា នៅមិនទាន់រកបានពិន្ទុឡើយ ។ សម្រាប់ប្រកួតបន្ទាប់កម្ពុជា នឹងត្រូវធ្វើការងារធ្ងន់ ដោយជួបក្រុមខ្លាំងឥណ្ឌូនេស៊ីវិញម្ដង នាថ្ងៃទី១៤ ខែវិច្ឆិកាចុងសប្ដាហ៍នេះ៕ អត្ថបទ លី ឈុនឡា







