នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលរាជធានីភ្នំពេញ បានចាប់ផ្តើមការអនុវត្តបញ្ចៀសលំហូរចរាចរណ៍សម្រាប់រថយន្តធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវអាទិភាពសំខាន់ៗ ដើម្បីធានាបាននូវសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជូនដល់គណៈប្រតិភូអន្តរជាតិទាំងអស់ ដែលនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ៖ កំណាត់មហាវិថី សម្តេចតេជោ ឬហៅថា ផ្លូវ៦០ម៉ែត្រ គឺជាកំណាត់ផ្លូវអាទិភាពបំផុត សម្រាប់ការអញ្ជើញធ្វើដំណើររបស់គណៈប្រតិភូអន្តរជាតិ ព្រោះផ្លូវនេះជាផ្លូវដែលមានលំហូរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះចូលទៅកាន់រាជធានីភ្នំពេញ ដូច្នោះហើយ ការសម្រួលដល់លំហូរចរាចរណ៍ គឺជាភាពចាំបាច់បំផុត ។

លោកអធិការបន្ថែមថា សម្រាប់រថយន្តធុនធ្ងន់ ក៏ត្រូវបានពង្វាងទិសដៅចរាចរណ៍ផងដែរ ស្របតាមបំរាមហាមឃាត់របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយនៅព្រឹកថ្ងៃខែដដែលនេះ កម្លាំងនគរបាលខណ្ឌ សហការជាមួយនគរបាលរាជធានី បានអប់រំណែនាំអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ឲ្យពង្វាងទិសដៅចរាចរណ៍របស់ខ្លួន ហើយក្រុមអ្នកបើកបរក៏មានការសហការចូលរួមល្អផងដែរ។
លោកបន្ថែមថា នគរបាលក៏បានពង្រឹងទាំងបញ្ហាសន្តិសុខផងដែរ ដោយពុំបណ្តោយឲ្យមានសភាពការណ៍មិនល្អណាមួយកើតឡើង ក្នុងកំឡុងពេលដែលកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនេះ កំពុងដំណើរការប្រារព្ធឡើងនោះឡើយ។
គួរជម្រាបថា ក្នុងឆ្នាំ២០២៦នេះ ព្រះរាជាណាចក្រកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមប្រធានបទ៖ « រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
បច្ចុប្បន្ននេះ អង្គការអន្តរជាតិ នៃហ្វ្រង់កូហ្វូនី (OIF) មានសមាជិកសរុបចំនួន ៩០រដ្ឋ និងរដ្ឋាភិបាល ទូទាំងពិភពលោក ៕ លីហេង




