ភូមិហ្រ្វង់កូហ្វូនី ដែលមានទីតាំងនៅសួនច្បារវត្តបទុមវតី បានបើកជាផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៦នេះ ក្រោមអធិបតិភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោជំទាវបណ្ឌិតពេជ ចន្ទមុន្នី ព្រមទាំងលោក ជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិ ហ្រ្វង់កូហ្វូនី។

ភូមិហ្រ្វង់កូហ្វូនី ជាព្រឹត្តិការណ៍អមដែលតែងតែរៀបចំភ្ជាប់ជាមួយកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ ទេសចរណ៍ ការអប់រំ កិច្ចសហប្រតិបត្តិការ ការផ្សារភ្ជាប់រវាងមនុសស្ស និងមនុស្ស ភាពចម្រុះនៃបណ្តាប្រទេសជាសមាជិក។ ព្រឹកត្តិការណ៍នេះ គឺផ្សារភ្ជាប់នឹងក្របខណ្ឌយុទ្ធសាស្រ្តហ្វ្រង់កូហ្វូនី ឆ្នាំ២០២៣-២០៣០ និងក្របខណ្ឌកម្មវិធី OIF ឆ្នាំ ២០២៤-២០២៧ ដោយផ្តោតលើ “ប្រជាជន” ដោយដាក់បុគ្គល និងសហគមន៍ជាស្នូលនៅចំកណ្តាលសកម្មភាព ព្រមទាំងធានារការចូលរួមងាយស្រួល បរិយាបន្ន និង មានអត្ថន័យសម្រាប់ យុវជន ស្រ្តី និង សាធារជនទូទៅ។

លោកជំទាវកត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និង ជាប្រធានអនុគណៈកម្មការទី៥បានបញ្ជាក់ថា ភូមិហ្រ្វង់កូហ្វូនីបើកទូលាយរយៈពេល៥ថ្ងៃគិតចាប់ពីថ្ងៃទី១៣ ដល់ ១៧ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៩យប់។ នៅក្នុងភូមិហ្រ្វង់កូហ្វូនីមានស្តង់អាហារចម្រុះ និងផលិតផលខុសប្លែកគ្នាជាង៧០ប្រទេសចូលរួម។ នៅពេលរាត្រី មានការសម្តែងទស្សនីយភាពសិល្បៈចម្រុះទាំងខ្មែរ និង ប្រទេសជាសមាជិកនិយាយភាសារបារំាង។ លោកជំទាវបានបន្ថែមទៀតថា និមិត្តរូបនៃប្រាសាទចំនួន៣ គឺប្រាសាទព្រះវិហារ ប្រាសាទតាក្របី និង ប្រាសាទតាមាន់ធំ ត្រូវបានបង្ហាញវត្តមាននៅក្នុងភូមិហ្វ្រង់កូហ្វូនីដើម្បីដាស់ស្មារតីយុវជនកម្ពុជា និង បរទេសស្គាល់កាន់តែច្បាស់ថាជាប្រាសាទរបស់ខ្មែរ ខណៈប្រាសាទទាំងបីនេះកំពុងរងការបែកបាក់ខ្ទិចខ្ទី ដោយសារសង្រ្គាមឈ្លានពានពីយោធាថៃ។
សូមបញ្ជាក់ថា សារៈសំខាន់គន្លឹះៗរបស់ភូមិហ្រ្វង់កូហ្វូនីរូមមានឥទ្ធិពលនិងការទូត តាមរយៈវត្តមានអន្តរជាតិ ការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ ភាសា ភាពចម្រុះ សន្តិភាព សមភាព ព្រមទាំង កិច្ចសហប្រតិបត្តិការ និង នវានុវត្តន៍៕ អត្ថបទ៖ សូ ដាវណ្ណ













