ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខន បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ថា មានប្រទេស និងរដ្ឋាភិបាលចំនួន ៨១ និងរដ្ឋាភិបាល ដែលបានបញ្ជាក់អំពីការចូលរួមហើយមានប្រទេសខ្លះ ក៏តម្លើងកម្រិតពីថ្នាក់រដ្ឋមន្ត្រីជាគណៈប្រតិភូទៅជានាយករដ្ឋមន្ត្រីក៏បាន។ នេះគឺជាកិច្ចប្រជុំលើកទី៤៨ ថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី។ ហើយកិច្ចប្រជុំនេះ ដើម្បីត្រៀមលក្ខណៈសម្រាប់បើការប្រជុំថ្នាក់កំពូលចាប់ពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ដោយកិច្ចប្រជុំនេះនឹងត្រួតពិនិត្យឡើងវិញទាំងអស់នៅឯកសារទាំងឡាយដែលបានរៀបចំកសាងឡើងសម្រាប់យកទៅឆ្លងកិច្ចប្រជុំកំពូលនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា «កិច្ចប្រជុំក៏នឹងមានការពិភាក្សាគ្នាអំពីបញ្ហាស្ថានភាពទូទៅក្នុងពិភពលោកផងដែរ។ កិច្ចការងាររបស់ហ្វ្រង់ហ្វូកូនី ហើយនិងពិនិត្យមើលចុងក្រោយនៅឯកសារបីដែលត្រូវអនុម័តនៅថ្ងៃខានស្អែកនេះដោយកិច្ចប្រជុំកំពូល គឺទី១. សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលជាឯកសារនយោបាយ។ ទី២. ឯកសារពាក់ព័ន្ធទៅនឹងស្ថានភាពនៃវិបត្តិ និងការរកមធ្យោបាយដើម្បីចាកចេញពីវិបត្តិការនៅក្នុងក្របខណ្ឌនៃប្រទេសហ្វ្រង់កូហ្វូនី នឹងមានលើកអំពីបញ្ហាវិបត្តិដែលកើតឡើងនៅតំបន់នានា ហើយក៏ពិភាក្សាគ្នាថាតើមធ្យោបាយណាដែលល្អជាងគេដើម្បីចាកចេញពីវិបត្តិទាំងនោះ និងឯកសារទី៣. ជាឯកសារដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា គឺការអំពាវនាវពីទីក្រុងភ្នំពេញទៅដើម្បីឲ្យរក្សាការពារបេតិភ័ណ្ឌវប្បធម៌។ ដោយសារតែយើងទទួលរងនូវការខូចខាតខាងផ្នែកបេតិភ័ណ្ឌវប្បធម៌ធ្ងន់ធ្ងរនៅក្នុងពេលដែលយើងមានការប៉ះទង្គិចជាមួយនឹងប្រទេសថៃ។ ហើយក្រៅពីនេះ គឺជាបញ្ហារដ្ឋបាល ហិរញ្ញវត្ថុពាក់ព័ន្ធទៅនឹងដំណើរការរបស់អង្គការហ្វ្រង់ហ្វូកូនី»។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានបន្តថា កម្ពុជានឹងខិតខំសម្របសម្រួលដើម្បីធ្វើយ៉ាងណាឲ្យសមាជិកទាំងអស់នៃគ្រួសារហ្វ្រង់កូនី ជាពិសេសសមាជិកពេញសិទ្ធិទាំង៥៣ នឹងមានការឯកភាពដើម្បីយកឯកសារសំខាន់ៗទាំងបីដែលជាលទ្ធផលនៃកិច្ចប្រជុំកំពូលដូចដែលបានរៀបរាប់ជូនយកទៅដាក់ជូនថ្នាក់ដឹកនាំកំពូលនៃអង្គការហ្រ្វង់ហ្វូកូនីអនុម័ត។
សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា ដោយនេះជាលើកដំបូងដែលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីត្រូវបានរៀបចំឡើងនៅកម្ពុជា និងជាលើកទីពីរ នៅក្នុងទ្វីបអាស៊ី។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះបានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះ នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួនបី ដែលឆ្លុះបញ្ចាំងពីការប្រេជ្ញាចិត្ត និងអាទិភាពរួមរបស់សហគមន៍ហ្វ្រង់កូហ្វូនី ដូចជា៖ ទី១ សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលលើកពីការប្ដេជ្ញាចិត្តផ្នែកនយោបាយ ក្នុងការលើកកម្ពស់គោលការណ៍របស់ហ្រ្វង់កូហ្វូនីស្ដីពីសន្ដិភាពសហវិជ្ជមាន កិច្ចសហប្រតិបត្តិការផ្នែកសង្គម វប្បធម៌ និងសេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍសហគមន៍ហ្វ្រង់កូហ្វូនី។ ទី២ សេចក្ដីសម្រេចស្ដីពី ស្ថានភាពវិបត្តិ ការស្ដារឡើងវិញក្រោយវិបត្តិ និងការកសាងសន្ដិភាពនៅក្នុងតំបន់ហ្វ្រង់កូហ្វូនី និងទី៣ សេចក្ដីអំពាវនាវទីក្រុងភ្នំពេញ ស្ដីពីការការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ ក៏ជាការជួបជុំប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់មកពី រដ្ឋ និងរដ្ឋាភិបាលសមាជិកទាំង៩០ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) រួមទាំងស្ថាប័នដៃគូជាច្រើន ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពហុភាគីនិយម ការអភិវឌ្ឍប្រកបដោយ ចីរភាព និងបញ្ហាផ្សេងៗទៀតដែលជាផលប្រយោជន៍រួម៕ អត្ថបទ៖ វង្ស សុភាព