កោះកុង ៖ គណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ត្រូវបានសាធារណជនសង្កេតឃើញថា មានភាពលេចធ្លោជាងគេចំពោះការឃោសនារកសម្លេងឆ្នោតនៅតាមទីសាធារណៈ និងក្នុងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ។
លោក សេង ណេង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង ឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ថា អំឡុងពេល៣ថ្ងៃយុទ្ធនាការហែក្បួនឃោសនារកសម្លេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ គឺគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ហាក់មានភាពលេចធ្លោទាក់ទាញជាងគេបណ្តាគណបក្សនយោបាយប្រកួតប្រជែងផ្សេងទៀត។
លោក សេង ណេង បន្ថែមទៀតថា គណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ត្រូវបានសាធារណជនសម្លឹងឃោះញថា បានធ្វើសកម្មភាពចាក់មេក្រូចល័តឃោសនាពីគោលការណ៍របស់គណបក្សខ្លួន ចងបដាពោលស្លោក និងបង្រៀនពលរដ្ឋឱ្យចេះគូសសន្លឹកឆ្នោតទៅគណបក្សដែលពួកគាត់ពេញចិត្ត ដើម្បីបន្តដឹកនាំអភិវឌ្ឍន៍ក្នុងមូលដ្ឋានកាន់តែរីកចម្រើនទៅមុខ។
ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង ឱ្យដឹងដែរថា ក្រៅពីគណបក្សប្រជាជនកម្ពុជាដែលលេចធ្លោ គឺមានគណបក្សភ្លើងទៀន និងគណបក្សយុវជនកម្ពុជា។ ហើយ៣ថ្ងៃនៃយុទ្ធនាការឃោសនារកសម្លេងឆ្នោតរបស់បណ្តាគណបក្សនយោបាយក្នុងភូមិសាស្រ្តខេត្តកោះកុង បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរក្រោមការអនុវត្តន៍គោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលចែងក្នុងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
ខេត្តកោះកុង មានពលរដ្ឋក្នុងបញ្ជីឈ្មោះបោះឆ្នោតសរុប៧៣.១៣៤នាក់ និងការិយាល័យបោះឆ្នោត១៨៧ការិយាល័យ ដោយមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងសរុបចំនួន៦គណបក្ស។ ទី១-គណបក្សប្រជាជនកម្ពុជា ទី២-គណបក្សភ្លើងទៀន ទី៣-គណបក្សយុវជនកម្ពុជា ទី៤-គណបក្សខ្មែរស្រឡាញ់ជាតិ ទី៥-គណបក្សខ្មែររួបរួមជាតិ និងទី៦-គណបក្សហ្វូនស៊ិនបិច។
ចំណែកឯលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ក៏ថ្លែងបញ្ជាក់ដែរថា អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ លោកបានពង្រាយកម្លាំងនគរបាលសរុប១.៤៤៦នាក់ ដើម្បីការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់។
លោកស្នងការនគរបាលខេត្តកោះកុង បន្ថែមទៀតថា ទីតាំងដែលមានកម្លាំងសមត្ថកិច្ចការពាររក្សាសណ្តាប់ធ្នាប់សន្តិសុខ គឺទីស្នាក់ការគណៈកម្មការរៀបចំការបោះឆ្នោត គណៈកម្មការឃុំសង្កាត់ ទីតាំងបិទផ្សាយបញ្ជីឈរបោះឆ្នោត ទីស្នាក់ការ ឬកន្លែងជួបប្រជុំក្បួនឃោសនារបស់គណបក្សនយោបាយ។
ហើយកងកម្លាំងប្រដាប់អាវុធ នៅតែធានាអព្យាក្រឹត្យភាពចំពោះគ្រប់គណបក្សនយោបាយ។ រាល់សកម្មភាពឃោសនារកសម្លេងឆ្នោតរបស់គណបក្សនយោបាយនានា សមត្ថកិច្ចប្តេជ្ញាការពារឱ្យបាននូវបរិយាកាសសន្តិសុខល្អ សុវត្ថិភាពសង្គម និងគ្មានការបំភិតបំភ័យ គំរាមកំហែង និងអំពើហិង្សាជាដើម៕ អត្តបទ ៖ ឈឹម មករា









