ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ប្រវត្តិសាស្ត្ររបស់យើងបានបង្រៀនយើងថា «វិបុលភាពមិនអាចស្ថិតស្ថេរបានឡើយប្រសិនបើគ្មានសន្តិភាព ស្របជាមួយមូលបទនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នៅកម្ពុជា គឺ ការប្តេជ្ញាចិត្តដ៏សំខាន់មួយ «ការរួមគ្នាបន្តកសាងសន្តិភាព»។
ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជ បន្ទូលបែបនេះ ក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ, ព្រះអង្គបានមានប្រះរាជបន្ទូលថា បច្ចុប្បន្ន នៅជុំវិញយើង ពិភពលោកកំពុងប្រឈមមុខនឹងវិញ្ញាសារដ៏ធ្ងន់ធ្ងរ។ សង្គ្រាមថ្មីៗកំពុងផ្ទុះឡើង ហើយជម្លោះចាស់ៗក៏កំពុងឆាបឆេះឡើងវិញ។ទីក្រុងនានាត្រូវបានបំផ្លិចបំផ្លាញ គ្រួសារត្រូវបានបង្ខំឱ្យចាកចេញ ពីលំនៅឋាន ហើយស្ថានភាពកុមារកំពុងប៉ះពាល់។ អាកាសធាតុកំពុងប្រែប្រួលកាន់តែខ្លាំង និងកាន់ត មិនអាចព្យាករណ៍បាន ដោយអ្នកដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត គឺអ្នកដែលបានរួមចំណែកតិចតួចបំផុត ក្នុងការបង្កឱ្យមានការប្រែប្រួលនេះ។ ការបញ្ចេញមតិសាធារណៈកំពុងជួបបញ្ហាដោយជារឿយៗ សេចក្តីភ័យខ្លាច បានរារាំងបំណងបង្ហាញហេតុផល ភាពស្អប់ខ្ពើមបិទផ្លូវកិច្ចសន្ទនា រីឯការភូតកុហកធ្វើឱ្យទំនុកចិត្តធ្លាក់ចុះ។
ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា យើងបានជ្រើសរើសដាក់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលកទី២០នេះ ក្រោមប្រធានបទនៃការប្តេជ្ញាចិត្តដ៏សំខាន់មួយ គឺការរួមគ្នាបន្តកសាងសន្តិភាព។ កម្ពុជាដឹងច្បាស់អំពីតម្លៃដែលត្រូវខាតបង់ នៅពេលបាត់បង់សន្តិភាព និងដឹងថាផ្លូវឆ្ពោះទៅរកការកសាងសន្តិភាពឡើងវិញមានរយៈពេលយូរប៉ុណ្ណា។ ប្រវត្តិសាស្ត្ររបស់យើងបានបង្រៀនយើងថា វិបុលភាពមិនអាចស្ថិតស្ថេរបានឡើយ ប្រសិនបើគ្មានសន្តិភាព។ សម្រាប់យើង ការរួមគ្នាបន្តកសាងសន្តិភាព មានន័យថា ការផ្តល់ជូនមនុស្សជំនាន់ក្រោយនូវអ្វីដែលប្រជាជន របស់យើងបច្ចុប្បន្នពុំមានយូរមកហើយ។ ដែលនោះគឺជាអត្ថន័យនៃការរស់ឡើងវិញរបស់ជាតិយើង។
ព្រះករុណា ព្រះមហាក្សត្រ សង្ឃឹមថា សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ សេចក្ដីសម្រេច និងសេចក្តីអំពាវនាវដែលនឹងដាក់ឈ្មោះតាមរាជធានីរបស់កម្ពុជា នឹងត្រូវបានប្រែក្លាយទៅជាការប្តេជ្ញាចិត្តជាក់ស្ដែង និងសកម្មភាពដែលមាននិរន្តរភាព។
ព្រះករុណា ព្រះមហាក្សត្រ អំពាវនាវឱ្យការសន្ទនាបន្តទៅមុខដោយការអត់ធ្មត់ជាមួយនឹងការតស៊ូមិនរាថយ ទោះបីជាមានឧបសគ្គគ្រប់បែបយ៉ាងក៏ដោយ។ ព្រះអង្គ ជូនពរឱ្យស្រ្ដី និងយុវជនទទួលបានតួនាទីពេញលេញរបស់ខ្លួននៅក្នុងការសម្រេចចិត្ត ដែលកំណត់អនាគតរបស់ពួកគេ និងនៅក្នុងការកសាងសន្តិភាព។ ការចូលរួមរបស់ពួកគេ គឺជាលក្ខខណ្ឌដ៏ សំខាន់មួយដើម្បីធានាឱ្យសន្តិភាពមានភាពរឹងមាំ និងយូរអង្វែង៕











