ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានមានប្រសាសន៍ថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី២០ មានអត្ថន័យជ្រាលជ្រៅសម្រាប់កម្ពុជា ព្រោះវាផ្សារភ្ជាប់អតីតកាល បច្ចុប្បន្នកាល និងអនាគតនៃទំនាក់ទំនងរបស់កម្ពុជាជាមួយសហគមន៍ហ្វ្រង់កូហ្វូនី។ ទំនាក់ទំនងនេះមានឫសគល់ជាប្រវត្តិសាស្ត្រ ដែលផ្សារភ្ជាប់នឹងព្រះរាជចក្ខុវិស័យរបស់ព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ ដែលបានគាំទ្រការកសាងសហគមន៍ហ្វ្រង់កូហ្វូនីតាំងពីដំណាក់កាលដំបូង។ ព្រះរាជបេសកកម្ម និងព្រះរាជចក្ខុវិស័យរបស់ព្រះអង្គ បានឆ្លុះបញ្ចាំងពីការផ្តល់តម្លៃដល់ភាសា វប្បធម៌ ការអប់រំ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តមបានបន្តថា ការរៀបចំកិច្ចប្រជុំកំពូលនៅកម្ពុជានាពេលនេះ អាចចាត់ទុកថាជាការបន្តមរតកប្រវត្តិសាស្ត្រនោះ និងជាការបើកទំព័រថ្មីមួយទៀតនៃការចូលរួមរបស់កម្ពុជាក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។ វាក៏ជាឱកាសដ៏សំខាន់ក្នុងការបង្ហាញពីអត្តសញ្ញាណជាតិ បេតិកភណ្ឌវប្បធម៌ បដិសណ្ឋារកិច្ច និងសមត្ថភាពរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិកម្រិតខ្ពស់។ កម្ពុជាចង់ឱ្យភ្ញៀវអន្តរជាតិមិនត្រឹមតែស្គាល់ប្រទេសយើងតាមរយៈប្រាសាទអង្គរវត្ត និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបប៉ុណ្ណោះទេ ប៉ុន្តែស្គាល់កម្ពុជាតាមរយៈប្រជាជនដែលមានបដិសណ្ឋារកិច្ចល្អ ស្មារតីបើកចំហ ការគោរពគ្នាទៅវិញទៅមក និងបំណងប្រាថ្នាចង់រស់នៅដោយសន្តិភាព។ កម្ពុជាមិនត្រឹមតែចង់ឱ្យពិភពលោកមកស្គាល់កម្ពុជាទេ។ យើងក៏ចង់ឱ្យពិភពលោកបានស្តាប់បទពិសោធន៍ និងទស្សនវិស័យរបស់កម្ពុជាផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រធានបទនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺ៖ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ប្រធានបទនេះមានអត្ថន័យជ្រាលជ្រៅសម្រាប់កម្ពុជា។ សម្រាប់ប្រជាជនកម្ពុជា សន្តិភាពមិនមែនជាគំនិតអរូបី ឬជាពាក្យស្លោកនោះទេ។សន្តិភាពគឺជាតម្លៃដែលប្រជាជនកម្ពុជាបានយល់ច្បាស់តាមរយៈបទពិសោធន៍ដ៏ឈឺចាប់នៃសង្គ្រាម ជម្លោះ ការបែកបាក់ និងការបាត់បង់។ កម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាម ហើយបានប្រឹងប្រែងកសាងប្រទេសឡើងវិញ។ បទពិសោធន៍នេះធ្វើឱ្យយើងយល់យ៉ាងច្បាស់ថា សន្តិភាពគឺជាលក្ខខណ្ឌមូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ការអប់រំ សុខុមាលភាពប្រជាជន និងអនាគតរបស់មនុស្សជំនាន់ក្រោយ។
នៅពេលគ្មានសន្តិភាព សាលារៀនអាចត្រូវបិទទ្វារ សកម្មភាពសេដ្ឋកិច្ចអាចត្រូវរាំងស្ទះ គ្រួសារអាចត្រូវបែកបាក់ ហើយប្រជាពលរដ្ឋស៊ីវិល ជាពិសេសស្ត្រី កុមារ និងជនងាយរងគ្រោះ តែងទទួលរងផលវិបាកធ្ងន់ធ្ងរ។ ដូច្នេះ កម្ពុជាចង់ប្រើប្រាស់វេទិកាដ៏សំខាន់នេះ ដើម្បីចែករំលែកសារថា សន្តិភាពត្រូវតែត្រូវបានថែរក្សា ការពារ និងពង្រឹងជាប្រចាំ។ សន្តិភាពមិនអាចស្ថិតនៅត្រឹមពាក្យពេចន៍ក្នុងសេចក្តីថ្លែងការណ៍នោះទេ។សន្តិភាពត្រូវតែបង្ហាញតាមរយៈការគោរពអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យភាពរបស់រដ្ឋ ការគោរពច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងការការពារជីវិតប្រជាជនស៊ីវិល។
ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលតំបន់ និងពិភពលោកកំពុងប្រឈមនឹងបញ្ហាសន្តិសុខជាច្រើន កម្ពុជាបន្តផ្តល់តម្លៃដល់ការសន្ទនា ការទូត ការអត់ធ្មត់ និងយន្តការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ យើងជឿជាក់ថា សន្តិភាពមិនអាចកសាងបានដោយប្រទេសណាមួយតែឯងនោះទេ។ សន្តិភាពត្រូវការការប្តេជ្ញាចិត្តរួម ការគោរពគ្នាទៅវិញទៅមក និងការទទួលខុសត្រូវរួមរបស់សហគមន៍អន្តរជាតិ។ កម្ពុជាមិនមកកាន់វេទិកានេះដោយមានតែសុន្ទរកថាអំពីសន្តិភាពទេ។ យើងមកជាមួយបទពិសោធន៍ប្រវត្តិសាស្ត្ររបស់ប្រជាជាតិមួយ ដែលបានស្គាល់ទាំងតម្លៃនៃសន្តិភាព និងផលវិបាកនៃសង្គ្រាម។ នេះជាបទពិសោធន៍ដែលកម្ពុជាចង់ចែករំលែកជាមួយសហគមន៍អន្តរជាតិ៕ អត្ថបទ៖ វង្ស សុភាព











