ពាក់ព័ន្ធស្ថានការណ៍នៅព្រំដែនកម្ពុជា -ថៃ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តមោះមុតរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយសន្ដិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ ក្នុងន័យនេះ សម្ដេចធិបតី បានថ្លែងអំណរគុណដល់ប្រទេសបារាំង ក៏ដូចជាឯកឧត្តមប្រធានាធិបតីបារាំង ម៉ាក្រុង ផ្ទាល់ ដែលបានខិតខំក្នុងការសម្របសម្រួលរកដំណោះស្រាយដោយសន្ដិវិធីរវាងបញ្ហាព្រំដែនកម្ពុជា និងថៃ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងនាព្រលប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។
ក្នុងឱកាសសន្និសីទនេះ សម្ដេចធិបតីលើកឡើងពាក់ព័ន្ធនឹងកិច្ចការតំបន់ និងអន្តរជាតិផងដែរ ក្នុងនោះ តាមរយៈជំនួបប្រមុខដឹកនាំប្រទេសទាំងពីរ កម្ពុជា និងបារាំង បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរួមគ្នាចំពោះពហុភាគីនិយម ធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់ អន្តរជាតិ និងការដោះស្រាយវិវាទដោយសន្ដិវិធី។
ពាក់ព័ន្ធស្ថានការណ៍នៅព្រំដែនកម្ពុជា -ថៃ, សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានថ្លែងថា កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តមោះមុតរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយសន្ដិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ ក្នុងន័យនេះ សម្ដេចធិបតី បានថ្លែងអំណរគុណដល់ប្រទេសបារាំង ក៏ដូចជាឯកឧត្តមប្រធានាធិបតីបារាំង ម៉ាក្រុង ផ្ទាល់ ដែលបានខិតខំក្នុងការសម្របសម្រួលរកដំណោះស្រាយដោយសន្ដិវិធីរវាងបញ្ហាព្រំដែនកម្ពុជា និងថៃ។
សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះឯកឧត្តមប្រធានាធិបតី ម៉ាក្រុង សម្រាប់ការប្ដេជ្ញាចិត្តរបស់ឯកឧត្តម ក្នុងការប្រកាន់ខ្ជាប់ចំពោះច្បាប់អន្តរជាតិ និងគោលការណ៍គ្រឹះធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេស ការគោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់រដ្ឋ។
សម្ដេចធិបតីបន្តថា លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ ជាប្រវត្តិសាស្រ្ដរបស់ឯកឧត្តមប្រធានាធិបតី ម៉ាក្រុង បានផ្ដល់នូវសម្ទុះថ្មីនៃទំនាក់ទំនងកម្ពុជា-បារាំង ដែលជាផលប្រយោជន៍ដល់ប្រជាជនប្រទេសទាំងពីរ។ សម្ដេចធិបតីបញ្ជាក់ថា សម្ដេចនឹងធ្វើការងារជាមួយឯកឧត្តមប្រធានាធិបតី ដើម្បីជំរុញការងារ និងកិច្ចសហប្របតិបត្តិការណ៍រវាងប្រទេសទាំងពីរដែលទទួលបាននេះ៕



