(ម៉ានីល) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបដល់ប្រតិភូសមាជិករដ្ឋសភាអូស្រ្តាលី អំពី ពីស្ថានភាពដែលពលរដ្ឋខ្មែរប្រមាណ២ម៉ឺននាក់ កំពុងរស់នៅក្នុងលំនៅដ្ឋានបណ្តោះអាសន្ន ដោយសារមិនអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន ក្រោយពីភាគីថៃបានរំលោភបំពានលើអធិបតេយ្យកម្ពុជា ទោះបីមានកិច្ចព្រមព្រៀងឈប់បាញ់ និងសន្តិភាពយ៉ាងណាក្តី និងបាននឹងកំពុងកាន់កាប់តំបន់ទាំងនោះដោយខុសច្បាប់។
សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ថា កម្ពុជាគោរពច្បាប់អន្តរជាតិ ស្រលាញ់សន្តិភាព និងព្យាយាមដោះស្រាយជម្លោះដោយសន្តិវិធី។ សម្រាប់ព្រំដែនគោក កម្ពុជាទាមទារឱ្យភាគីថៃគោរពផែនទីផ្លូវការរវាងប្រទេសទាំងពីរ ដែលទទួលស្គាល់ជាអន្តរជាតិ។ កម្ពុជាមិនអាចទទួលយកបានឡើយនូវការកំណត់ព្រំដែនដោយកម្លាំង និងដោយឯកតោភាគីបានឡើយ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Louise Miller-Fort សមាជិកសភាសហព័ន្ធ, តំណាងរាស្ត្រមណ្ឌល Boothby និងជាប្រធានគណៈកម្មការគោលនយោបាយសង្គម និងកិច្ចការច្បាប់ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៧ ដែលរដ្ឋសភាប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជាស្នើភាគីថៃគោរពច្បាប់ គោរពកិច្ចព្រមព្រៀង ព្រមទាំងដោះស្រាយបញ្ហាដោយយន្តការទ្វេភាគីដែលមានស្រាប់។ ចំពោះដែនសមុទ្រត្រួតស៊ីគ្នា ភាគីទាំងពីរកំពុងដោះស្រាយតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត និងជំនាញដ៏ប៉ិនប្រសប់របស់អូស្ត្រាលី ក្នុងការអនុវត្តអនុសញ្ញា UNCLOS រួមទាំងអភិបាលកិច្ចដែនសមុទ្រ និងការកំណត់ព្រំដែនសមុទ្រ។ ជាក់ស្តែង លោកស្រី ខាទ្រីណា ឃូភើ (Katrina Cooper) ត្រូវបានតែងតាំងជាប្រធានគណៈកម្មការផ្សះផ្សាដោយបង្ខំ ដើម្បីដោះស្រាយវិវាទដែនសមុទ្ររវាងកម្ពុជា និងថៃ។
នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានពិភាក្សាគ្នាដោយបើកចំហ និងផ្លាស់ប្តូរបទពិសោធន៍ការងាររដ្ឋសភា លទ្ធិប្រជាធិបតេយ្យ ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជនយ៉ាងជិតស្និទ្ធ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនៃប្រទេសទាំងពីរ ដែលមានការរីកចម្រើនជាលំដាប់ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដោយឈរលើភាពស្មោះត្រង់ ជឿទុកចិត្ត និងការយោគយល់គ្នា ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។ ពលរដ្ឋកម្ពុជាមានក្តីស្រលាញ់ និងមានជំនឿទុកចិត្តលើប្រទេសអូស្ត្រាលី។ ជារៀងរាល់ឆ្នាំ យុវជនកម្ពុជាជាច្រើនបានចេញទៅសិក្សានៅប្រទេសអូស្ត្រាលី ទាំងក្នុងក្របខណ្ឌអាហារូបករណ៍ និងការចំណាយថវិកាផ្ទាល់ខ្លួន។ សម្តេចក៏បានស្នើឱ្យអូស្ត្រាលីបន្តគាំទ្រការបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជាផងដែរ។
លោកជំទាវ Louise Miller-Fort បានថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃជួបពិភាក្សាការងារជាមួយលោកជំទាវនាឱកាសនេះ។
លោកជំទាវបានឯកភាពចំពោះប្រសាសន៍លើកឡើងរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅលើច្រើនវិស័យ រួមទាំងបញ្ហាសន្តិភាពផងដែរ។
លោកជំទាវ Louise Miller-Fort មានជំនឿមុតមាំថា ជម្លោះព្រំដែនកម្ពុជា-ថៃ នឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗនេះ ដោយសន្តិវិធី។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់អូស្ត្រាលី ដែលបានចូលរួមស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាតាំងពីដើមមក។ ជំនួយ និងការគាំទ្ររបស់អូស្ត្រាលីលើច្រើនវិស័យ ពិសេសវិស័យអប់រំ គឺជាផ្នែកសំខាន់ដែលមិនអាចកាត់ផ្តាច់បានពីការអភិវឌ្ឍនៅកម្ពុជាឡើយ។
សម្តេចបានអបអរសាទរចំពោះ ឯកឧត្តម មិលតុន ឌីក (Milton Dick) ប្រធានរដ្ឋសភាអូស្ត្រាលី ដែលបានជាប់ឆ្នោតជាប្រធានសហភាពអន្តរសភា (IPU) ក្នុងអាណត្តិថ្មីនេះ។ ឯកឧត្តម មិលតុន ឌីក ធ្លាប់បានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលរៀបចំឡើងដោយព្រឹទ្ធសភាកម្ពុជា ដែលពិតជាបានបើកទំព័រថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ។ ជាមួយគ្នាសម្តេចរដ្ឋសភាធិបតីក៏ធ្លាប់បានបំពេញទស្សនកិច្ច និងសិក្សាស្វែងយល់ការងាររបស់រដ្ឋសភាអូស្ត្រាលីផងដែរ។ ក្នុងន័យនេះ សម្តេចបានស្នើឱ្យសភាប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅឡើង និងស្នើដល់រដ្ឋសភាអូស្ត្រាលីជួយជំរុញ និងទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគមកកម្ពុជាបន្ថែមទៀត៕







