ខ្សែប្រយុទ្ធ Romelu Lukaku បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិប៊ែលហ្ស៊ិកហើយ ក្រោយចំណាយពេល ១៦ ឆ្នាំ។
ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរបស់ក្លិប Fenerbahçe រូបនេះ បានបង្ហាញខ្លួនលើកដំបូងឱ្យក្រុមជម្រើសជាតិនៅឆ្នាំ ២០១០ ហើយបានក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិបែលហ្ស៊ិក ដោយស៊ុតបញ្ចូលទីបាន ៩៤ គ្រាប់ ក្នុងការបង្ហាញខ្លួន ១៣៥ ប្រកួត។
លើសពីនេះ Lukaku ក៏ជាកីឡាករដែលរកគ្រាប់បាល់បានច្រើនបំផុតលំដាប់ទី៥ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ជម្រើសជាតិផងដែរ ដោយស្ថិតនៅពីក្រោយ Sunil Chhetri, Ali Daei, Lionel Messi និង Cristiano Ronaldo ដែលឈរនៅលំដាប់កំពូលជាមួយ ១៤៦ គ្រាប់។
ក្នុងអាជីពជាមួយបែលហ្ស៊ិក គេបានស៊ុតបញ្ចូលទី ៨ គ្រាប់នៅក្នុងព្រឹត្តិការណ៍ World Cup ចំនួន ៤ លើក និងរកបាន ៦ គ្រាប់នៅក្នុងព្រឹត្តិការណ៍ Euro ចំនួន ៣ លើក។
តាមរយៈសារបង្ហោះលើ Instagram អតីតខ្សែប្រយុទ្ធ Everton, Chelsea និង Manchester United រូបនេះ បានថ្លែងអំណរគុណដល់មិត្តរួមក្រុម និងគ្រូបង្វឹកទាំងអស់ ដែលបានជំរុញចិត្ត និងផ្តល់ទំនុកចិត្តដល់រូបគេក្នុងរយៈពេល ១៦ ឆ្នាំជាមួយក្រុមជម្រើសជាតិ។
គួររំឭកថា នៅឆ្នាំ ២០២៣ Lukaku បានស៊ុតបញ្ចូលទី ១៤ គ្រាប់ ក្នុងការបង្ហាញខ្លួន ៨ ប្រកួតនៅវគ្គជម្រុះ Euro 2024 ដែលជាកំណត់ត្រាគ្រាប់បាល់ច្រើនបំផុតដោយកីឡាករម្នាក់ក្នុងយុទ្ធនាការជម្រុះពានរង្វាន់អឺរ៉ុបមួយលើក៕ អត្ថបទ៖នាង សុភាវុធ

