សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីតួនាទីសំខាន់របស់អន្តរសភាអាស៊ាន (អាយប៉ា/AIPA) ថា ដើរតួនាទីសំខាន់នៅក្នុងការការពារមជ្ឈភាពអាស៊ាន លើកកម្ពស់សុខសន្តិភាព វិបុលភាពពលរដ្ឋនៅក្នុងតំបន់ និងអន្តរជាតិ ពិសេសការសម្រេចបាននូវសហគមន៍អាស៊ាន។ សភាតំណាងឱ្យប្រជាពលរដ្ឋ ដូច្នេះ ត្រូវការពារផលប្រយោជន៍ពលរដ្ឋ។ នៅក្នុងកាលៈទេសៈសកលលោកមានហានិភ័យខ្ពស់ សណ្តាប់ធ្នាប់សកលធ្លាក់ចុះ ការទូតសភាពិតជាមានតួនាទីដ៏សំខាន់ ដើម្បីធ្វើឱ្យពលរដ្ឋទទួលបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម។
សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា “អាយប៉ាមានតួនាទីសំខាន់នៅក្នុងការលើកកម្ពស់មជ្ឈភាពអាស៊ាន ការពារសុខសន្តិភាព វិបុលភាពជូនពលរដ្ឋក្នុងតំបន់និងអន្តរជាតិ”។
សម្តេចប្រធានរដ្ឋសភាបានលើកឡើងដូច្នេះ នៅក្នុងឱកាសចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃមហាសន្និបាតអាយប៉ាលើកទី៤៧ ដែលជាកិច្ចប្រជុំសំខាន់មួយរបស់ថ្នាក់ដឹកនាំសភាសមាជិកអាយប៉ា ដើម្បីអនុម័តលើរបៀបវារៈមហាសន្និបាត និងផែនការសកម្មភាពរបស់អាយប៉ាក្នុងឆ្នាំចាស់ និងទិសដៅ បន្តនាពេលអនាគត។
កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ដឹកនាំដោយ ឯកឧត្តម ហ្វូស្ទីណូ បូជី ឌី ទី៣ (Faustino Bojie De Guzman Dy III) ប្រធានរដ្ឋសភានៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៧ ដោយមានការអញ្ជើញចូលរួមពីប្រធានគណៈប្រតិភូនៃសមាជិកអាយប៉ា រួមមាន ព្រុយណេដារូស្សាឡាម ព្រះរាជាណាចក្រកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងឡាវ។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានរក្សានូវរបាយការណ៍កិច្ចប្រជុំទល់មុខរវាងប្រមុខដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំអាយប៉ាលើកទី១៥ កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលបានលើកឡើងពីចំនួនពលរដ្ឋភៀសសឹកខ្មែរចំនួនជាង ២ម៉ឺននាក់ ដែលមិនទាន់បានវិលត្រឡប់ទៅលំនៅដ្ឋានវិញ ដោយសារជម្លោះព្រំដែននៃប្រទេសកម្ពុជា និងថៃ ដើម្បីឱ្យមានការពិភាក្សានៅក្នុងគណៈកម្មាធិការនយោបាយ អាយប៉ា ដែលនឹងមានកិច្ចប្រជុំនៅថ្ងៃទី១៨វិច្ឆិកាស្អែកនេះ។
ក្រៅពីការពិភាក្សា និងអនុម័តលើកម្មវិធី និងរបៀបវារៈមហាសន្និបាតលើកទី៤៧ ហើយ គណៈកម្មាធិការប្រតិបត្តិ បានអនុម័តជូនសភាប្រទេសសិង្ហបុរី ធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអាយប៉ាលើកទី៤៨ នៅឆ្នាំ២០២៧ នៅប្រទេសសិង្ហបុរី រីឯប្រទេសឡាវនឹងទទួលរៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា (AIPA Caucus) លើកទី១៨ នៅក្នុងឆ្នាំ២០២៧ នេះផងដែរ៕






