នារយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ អគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបន្តការអភិរក្សនិងជួសជុលបេតិកភណ្ឌមួយចំនួននៅភ្នំព្រះរាជទ្រព្យដូចភ្លៀងរលឹម។ លទ្ធផលនៃការជួសជុលទាំងនោះ រួមមាន៖
- ព្រះវិហារអដ្ឋរស្ស ទទួលបានថវិកាពីបដិភាគរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវឧកញ៉ា ស៊ុយ សុផាននិងឯកឧត្តមតាំង គីមថុង និងសប្បុរសជនផ្សេងៗទៀត កាលពីឆ្នាំ២០១៩
- ព្រះពុទ្ធរូបចូលបរិនិព្វាន ទទួលបានថវិកាបដិភាគរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោកជំទាវឧកញ៉ា នាង វិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសនានូបត្ថម្ភកិត្តិបណ្ឌិត សៀង ចាន់ហេងកាលពីឆ្នាំ២០២២
- ជួសជុលព្រះពុទ្ធរូបអដ្ឋរស្ស ទទួលបានការឧបត្ថម្ភថវិកាដ៏ថ្លៃថ្លាពី ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងលោកជំទាវ យី សុភា កាលពីឆ្នាំ២០២៥
- ជួសជុលព្រះចេតិយព្រះបាទចន្ទរាជា ទទួលបានការឧបត្ថម្ភថវិកាដ៏ថ្លៃថ្លាពី ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងលោកជំទាវ យី សុភា កាលពីឆ្នាំ២០២៥។
ដោយមើលឃើញពីតម្លៃនៃការអភិរក្សនិងជួសជុលមរតកបុរាណនៅលើភ្នំព្រះរាជទ្រព្យ ជាពិសេសក្រោយបញ្ចប់ការជួសជុលព្រះពុទ្ធរូបចូលនិព្វាន និងព្រះចេតិយរបស់ព្រះបាទចន្ទរាជា សម្តេចព្រះឧត្តមវស្សា គូ សុភាព ទ្រង់សព្វព្រះទ័យជ្រះថ្លាក្នុងការស្វែងរកថវិកាពីសប្បុរសជន ដើម្បីរៀបចំបរិវេណជុំវិញព្រះចេតិយនិងព្រះពុទ្ធរូបចូលនិព្វាន ឲ្យបានស្អាតសមសួនសម្រាប់ពុទ្ធបរិស័ទ្ធងាយស្រួលក្នុងការប្រារព្ធធ្វើកិច្ចពិធីផ្សេងៗ។ ការរៀបចំកម្រាលឥដ្ឋតាន់ជុំវិញបរិវេណខាងលើភ្នំនេះ មិនត្រឹមតែបានផ្តល់សម្រស់ស្រស់ស្អាតចំពោះទីសក្ការបូជារបស់បុព្វការីជននិងព្រះពុទ្ធសាសនាប៉ុណ្ណោះទេ តែជាផ្នែកមួយនៃកិច្ចការអភិរក្សគ្រឹះព្រះចេតិយនិងប្រតិមាព្រះពុទ្ធរូបចូលនិព្វាន ដ្បិតកម្រាលឥដ្ឋនេះនឹងជួយទប់ស្កាត់សំណឹកទឹកភ្លៀងហូរច្រោះនារដូវវស្សា។
ក្រោយការអំពាវនាវរបស់ សម្តេចព្រះឧត្តមវស្សា គូ សុភាព លោកជំទាវ អ៊ូ ធីតាពៅ ជាភរិយារបស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានឧបត្ថម្ភថវិកាដើម្បីរៀបចំក្រាលឥដ្ឋនៅបរិវេណជុំវិញព្រះចេតិយ និងព្រះពុទ្ធរូបចូលនិព្វាន ក្នុងគោលដៅលើកស្ទួយតម្លៃទីតាំងបុរាណស្ថាន ដែលជាបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមថ្លែងអំណរព្រះគុណចំពោះសម្តេចព្រះឧត្តមវស្សា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី ឯកឧត្តម និងលោកជំទាវម្ចាស់ទានទាំងអស់ ដែលបានឧបត្ថម្ភថវិកាក្នុងការអភិរក្ស និងជួសជុលបេតិកភណ្ឌនៅលើភ្នំព្រះរាជទ្រព្យនេះនាពេលកន្លងមក។ ការចូលរួមនេះ នឹងជួយឲ្យមរតកដូនតាស្ថិតនៅគង់វង្សយូរអង្វែងសម្រាប់កូនខ្មែរជំនាន់ក្រោយ ហើយសមិទ្ធិផលទាំងនេះ នឹងក្លាយជាមូលដ្ឋាននៃការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ឱ្យមកទស្សនាតំបន់ប្រវត្តិសាស្ត្រនេះកាន់តែច្រើនឡើងនៅថ្ងៃអនាគត៕




