អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស Wayne Rooney បានបង្ហើបថា ក្នុងអំឡុងពេលលេងឱ្យក្លិប Manchester United លោកធ្លាប់ជួបវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ រហូតមានគំនិតធ្វើអត្តឃាត និងត្រូវស្វែងរកជំនួយពីអ្នកជំនាញផ្លូវចិត្ត ដើម្បីស្វែងយល់ពីបញ្ហាដែលខ្លួនកំពុងជួបប្រទះ។

Rooney បានផ្លាស់ពី Everton ទៅចូលរួមជាមួយ Manchester United នៅឆ្នាំ២០០៤ ហើយក្រោយមកបានក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្លិប ដោយស៊ុតបញ្ចូលទីបាន ២៥៣ គ្រាប់ ក្នុងការបង្ហាញខ្លួន ៥៥៩ ប្រកួត។
ក្នុងកិច្ចសម្ភាសន៍ជាមួយពិធីការិនី Gabby Logan ក្នុងកម្មវិធីផតខាស Life at the Midpoint លោកបានរៀបរាប់ពីការលំបាកក្នុងជីវិតផ្ទាល់ខ្លួន នៅពេលកូនប្រុសច្បង Kai ដែលបច្ចុប្បន្នមានអាយុ ១៧ឆ្នាំ នៅជាទារក។
Rooney បាននិយាយថា ក្នុងអំឡុងពេលដែលលោកផឹកស្រា លោកតែងតែដាច់ខ្លួនពីអ្នកដទៃ និងចំណាយពេលនៅម្នាក់ឯង។ លោកក៏បានបញ្ជាក់ថា ខ្លួនពិបាកគ្រប់គ្រងបញ្ហាទាំងអស់ ហើយក្រោយពីបើកចិត្តប្រាប់ភរិយា Coleen និងម្តាយរបស់លោក លោកបានដឹងថា ខ្លួនត្រូវការជំនួយដើម្បីឆ្លងកាត់ស្ថានភាពនោះ។
អតីតខ្សែប្រយុទ្ធរូបនេះបានបន្ថែមថា លោកមិនចង់ឱ្យកូនប្រុសឃើញខ្លួនក្នុងស្ថានភាពបែបនោះទេ ហើយក៏មានអារម្មណ៍មិនស្រួលក្នុងការជួបមនុស្សនៅទីសាធារណៈផងដែរ។ ទោះបីជាលោកមានទំនុកចិត្តនៅលើទីលានបាល់ទាត់ក៏ដោយ ប៉ុន្តែជីវិតក្រៅទីលានវិញ គឺជាការលំបាកមួយសម្រាប់លោក។
Rooney ក៏បានរៀបរាប់ថា លោកធ្លាប់មានការលំបាកក្នុងការទទួលស្គាល់ថាខ្លួនកំពុងត្រូវការជំនួយ ព្រោះមានអារម្មណ៍ថា ការបង្ហាញភាពទន់ខ្សោយអាចធ្វើឱ្យខ្លួនបាត់បង់ភាពជាបុរស។ ដូច្នេះ លោកបានព្យាយាមលាក់បាំងអារម្មណ៍ពិតរបស់ខ្លួន។
គួររំឭកថា Rooney រកបាន ៥៣ គ្រាប់ ក្នុងការបង្ហាញខ្លួន ១២០ ប្រកួតឱ្យក្រុមជម្រើសជាតិអង់គ្លេស។ ជាមួយ Manchester United លោកបានឈ្នះពាន Premier League ចំនួន ៥ លើក, Champions League, Europa League, FA Cup និង EFL Cup ចំនួន ៣ លើក មុនពេលចាកចេញទៅកាន់ Everton វិញនៅឆ្នាំ២០១៧។
បច្ចុប្បន្ន Rooney ក៏ត្រូវបានជ្រើសរើសជាអ្នកវិភាគកីឡាប្រចាំឆ្នាំ ក្នុងកម្មវិធី Broadcast Sport Awards និងកំពុងបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ I'm a Celebrity... Get Me Out of Here! ផងដែរ៕ អត្ថបទ៖នាង សុភាវុធ