ខេត្តក្រចេះ៖ គណៈប្រតិភូគណៈកម្មការនីតិកម្មនិងយុត្តិធម៌ (គណៈកម្មការទី៦)នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ នាព្រឹកថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២៦បានអញ្ជើញចុះបំពេញបេសកកម្មការងារនិងបានជួបប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តក្រចេះ ដឹកនាំដោយ ឯកឧត្តម ម៉ែន វណ្ណា អភិបាលស្តីទីខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជំនាញជុំវិញខេត្តជាច្រើនរូប។

ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានគូសបញ្ជាក់ពី គោលបំណងស្នូលចំនួន ៣ នៃបេសកកម្មចុះមកកាន់ខេត្តក្រចេះនាពេលនេះ រួមមាន៖
១. ស្វែងយល់ពីវឌ្ឍនភាពការងារ៖ ពិនិត្យមើលលើកិច្ចដំណើរការ និងវឌ្ឍនភាពនៃវិស័យយុត្តិធម៌ ព្រមទាំងការអនុវត្តច្បាប់របស់ស្ថាប័នតុលាការ (សាលាដំបូង ចៅក្រម និងអយ្យការ)។
២. ស្តាប់របាយការណ៍ និងសំណូមពរ៖ ទទួលជ្រាបពីរបាយការណ៍បូកសរុបលទ្ធផលការងារ បញ្ហាប្រឈមជាក់ស្តែង និងសំណូមពរនានាពីសំណាក់រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ និង
៣. ស្វែងរកដំណោះស្រាយ៖ រួមគ្នាពិភាក្សា និងស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះតម្រូវការរបស់មូលដ្ឋាន។
ជាការឆ្លើយតបចំពោះរបាយការណ៍របស់គណៈប្រតិភូរដ្ឋសភា ឯកឧត្តម ម៉ែន វណ្ណា អភិបាលស្តីទីខេត្តក្រចេះ បានឡើងរាយការណ៍អំពីសមិទ្ធផលការងារលេចធ្លោរបស់ខេត្ត ដែលបានអនុវត្តយ៉ាងសកម្មស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្តមអភិបាលស្តីទី បានបញ្ជាក់ថា រដ្ឋបាលខេត្តបានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើអាទិភាពគន្លឹះទាំង៥ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល) ព្រមទាំងជំរុញការអភិវឌ្ឍលើវិស័យអប់រំ សុខាភិបាលហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ឧស្សាហកម្ម រ៉ែ ថាមពល និងវិស័យទេសចរណ៍។ ដោយឡែក សម្រាប់ វិស័យច្បាប់ និងសន្តិសុខ រដ្ឋបាលខេត្តបាន និងកំពុងអនុវត្តការងារសំខាន់ៗពីរគឺ៖
- ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់៖ សហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបាននូវសុវត្ថិភាពសង្គម ការពារសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការបង្ការនិងបង្ក្រាបបទល្មើសគ្រប់ប្រភេទយ៉ាងមានប្រសិទ្ធភាព។
- ការពន្លឿននីតិវិធី និងដោះស្រាយសំណុំរឿង៖ រដ្ឋបាលខេត្តបានសហការយ៉ាងសកម្មជាមួយសាលាដំបូងខេត្ត ដើម្បីជំរុញ និងពន្លឿនការដោះស្រាយសំណុំរឿងដែលនៅកកស្ទះឱ្យបានឆាប់រហ័ស សំដៅកាត់បន្ថយសំណុំរឿងសេសសល់ និងធានាផ្តល់ភាពយុត្តិធម៌ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
ជាកិច្ចបញ្ចប់ ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្តនិងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ដែលបានបង្ហាញនូវស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងការអភិវឌ្ឍខេត្តក្រចេះឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយជោគជ័យ៕








