សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ក្រសួងសុខាភិបាលឱ្យបន្តជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល ឱ្យមានសមត្ថភាពគ្រប់គ្រាន់ គុណធម៌ និងសីលធម៌វិជ្ជាជីវៈខ្ពស់ ដើម្បីឱ្យស័ក្តិសមជា «កងទ័ពអាវស» ក្នុងការផ្តល់សេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាព។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលក្នុងវិស័យសុខាភិបាល នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះសម្តេចធិបតី បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងបន្តកែលម្អប្រព័ន្ធអេកូឡូស៊ីសុខាភិបាលកម្ពុជា តាមរយៈការបន្តពង្រឹងសមត្ថភាពសុខាភិបាលនៅមូលដ្ឋាន, ជាពិសេស មន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាព, ដើម្បីធានាថា ប្រជាពលរដ្ឋអាចទទួលបានសេវាសង្គ្រោះ និង ព្យាបាលនៅជិតលំនៅឋាន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងឆាប់រហ័ស ដោយអនុវត្តអភិក្រម «ពង្រឹងមូលដ្ឋានពីក្រោមឡើងលើ និងធ្វើពិពិធកម្មសមត្ថភាពពីលើចុះក្រោម» ដោយពង្រឹងមូលដ្ឋានសុខាភិបាល ចាប់ពីប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និង ពេទ្យបង្អែកស្រុក ឡើងមក។
សម្តេចធិបតីក៏បានណែនាំក្រសួងសុខាភិបាល ត្រូវបន្តលើកកម្ពស់គុណភាពសេវាសុខាភិបាល ជាពិសេសនៅមូលដ្ឋាន ដោយត្រូវពង្រឹងអភិបាលកិច្ចមន្ទីរពេទ្យបង្អែកគ្រប់កម្រិត ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាព សីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវខ្ពស់ និង ឆាប់រហ័ស, ព្រមទាំងត្រូវលើកកម្ពស់សមត្ថភាពមន្ទីរពេទ្យខេត្ត ឱ្យមានសមត្ថភាពខ្ពស់ប្រហាក់ប្រហែលនឹងមន្ទីរពេទ្យនៅរាជធានីភ្នំពេញ និងមន្ទីរពេទ្យបង្អែកស្រុក ឱ្យមានសមត្ថភាពខ្ពស់ប្រហាក់ប្រហែលនឹងមន្ទីរពេទ្យខេត្ត។
សូមជម្រាបថា តាមប្រសាសន៍ណែនាំរបស់សម្ដេចធិបតី ដល់ក្រសួងសុខាភិបាលកម្ពុជាឱ្យបន្តធ្វើការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល។ បន្តអភិវឌ្ឍធនធានមនុស្សឱ្យមានជំនាញច្បាស់លាស់ និងផ្តល់អាទិភាពលើការបណ្តុះបណ្តាលដល់មន្ត្រីសុខាភិបាលនៅមូលដ្ឋានផ្ទាល់ ដើម្បីឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការរបស់ពលរដ្ឋ ជាពិសេស ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។ គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ត្រូវមានគុណធម៌ សីលធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្កើនទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។ ក្រៅពីនេះ សម្ដេចណែនាំឱ្យបន្តធ្វើទំនើបកម្ម និងបំពាក់បរិក្ខារវេជ្ជសាស្ត្រនៅតាមមន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាព ដើម្បីឱ្យការសង្គ្រោះ និងព្យាបាលនៅមូលដ្ឋានកាន់តែល្អប្រសើរ កាត់បន្ថយការលំបាកក្នុងការបញ្ជូនអ្នកជំងឺទៅឆ្ងាយ៕













