សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអះអាងថា រដ្ឋបានចំណាយថវិកាអស់ជាង១៥លានដុល្លារអាមេរិកសម្រាប់រៀបចំកិច្ចប្រជុំហ្រ្វង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីកន្លងទៅថ្មីៗនេះ ដើម្បីទាក់ទាញផលចំណេញច្រើនមកវិញសម្រាប់ពេលអនាគត។
ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្រ្ត មន្ទីរពេទ្យបង្អែក៦១កន្លែង នៅស្រុកបាធាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចបានបញ្ជាក់ថា ការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមិនមែនចេះតែធ្វើបានងាយៗនោះទេ មុននឹង គេឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ គឺគេមកវាយតម្លៃតម្លៃច្បាស់លាស់ណាស់ ពីព្រោះកិច្ចប្រជុំនេះមានប្រមុខរដ្ឋប្រ មុខរដ្ឋាភិបាលជាច្រើនប្រទេសចូលរួម ពោលគឺបណ្តាប្រទេសមកពីប្រាំទ្វីបឯណោះ។
ក្នុងឱកាសនោះ សម្តេច ធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលបានចូលរួមគាំទ្រ អបអរសាទរ និងរួមគ្នាបដិសណ្ឋារកិច្ចមេដឹកនាំប្រទេសនានាក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះ។
សម្តេចមធិបតីមានប្រសាសន៍ថា ព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី ជារឿងមោទនភាពសម្រាប់កម្ពុជា ហើយជាកេរដំណែលប្រវត្តិសាស្ត្រ ដែលសម្តេចព្រះបរមរតនកោដ្ឋជាស្ថាបនិកមួយអង្គ ជាមួយស្ថាបនិក៣រូបផ្សេងទៀត។
សម្តេចធិបតី សម្តែងការហួសចិត្តចំពោះលោក សម រង្ស៊ី ដែលចុះផ្សាយវាយប្រហារលើការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី រហូតដល់សារព័ត៌មានថៃយកទៅចុះផ្សាយបន្ត។
សម្តេចបានថ្លែងថា៖« កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ រដ្ឋចាយអស់ ១៥លានដុល្លារ ក្រៅពីនោះមានការចូលរួមពីអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី កាណាដា និងវិស័យឯកជន។ សម្តេចមហាបវរធិបតី មានប្រសាសន៍ថា ការរៀបចំត្រូវបានរឹតត្បិតការចំណាយ ហើយធ្វើឱ្យចំគោលដៅ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បញ្ជាក់ផងដែរថាកិច្ចប្រជុំហ្រ្វង់កូហ្វូនី បានផ្តល់ផល ប្រយោជន៍ជាច្រើនដល់កម្ពុជា ដោយយើងមានឱកាសបង្ហាញនូវសក្តានុពលជាច្រើនរបស់កម្ពុជាប្រាប់ទៅពិភពលោក បង្ហាញសក្តានុពលផ្នែកទេសចរណ៍ បង្ហាញពីវប្បធម៌សិល្បៈកម្ពុជា ហើយសម្តេចបញ្ជាក់ទៀតថាការរៀបកិច្ចប្រជុំនេះទៀតសោធគឺបានរៀបចំតុបតែងលម្អសុទ្ធតែជាផលិតផលរបស់ខ្មែរទាំងអស់៕អត្ថបទ៖ បាន ចក់




