ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលនូវែលសេឡង់ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានមានប្រសាសន៍ទៅកាន់ក្រុមនិស្សិតទាំងអស់ដោយគូសបញ្ជាក់ពីគុណតម្លៃនៃសន្តិភាព ដែលបាននាំមកនូវភាពម្ចាស់ការ កិត្យានុភាព វឌ្ឍនភាព និងភាពល្អត្រចេះត្រចង់ សម្រាប់ប្រជាជាតិកម្ពុជានៅលើឆាកអន្តរជាតិ។

ជាក់ស្តែងដោយសារកត្តាសន្តិភាព និងការផ្តល់ទំនុកចិត្តខ្ពស់ពីសហគមន៍អន្តរជាតិ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកម្រិតអន្តរជាតិធំៗ និងសំខាន់ៗជាបន្តបន្ទាប់ ជាអាទិ៍៖ សន្និសីទប្រធានសភានៃអន្តរសភា(Inter-Parliamentary Speakers' Conference - ISC)លើកទី២, សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា នៅរាជធានីភ្នំពេញ, និងថ្មីៗនេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (OIF) លើកទី២០ ប្រកបដោយជោគជ័យ ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំពិភពលោក ជាពិសេស ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងផងដែរ។

ក្នុងឱកាសនៃកិច្ចសំណេះសំណាលនោះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានលើកទឹកចិត្តដល់និស្សិតជ័យ លាភី អាហារូបករណ៍ទាំងអស់ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងនិងអភិវឌ្ឍសមត្ថភា ពខ្លួនឱ្យបានពេញលេញ។ ជាពិសេស នៅពេលបញ្ចប់ការសិក្សា និងត្រឡប់មកមាតុ ប្រទេសវិញ និស្សិតម្នាក់ៗ ត្រូវ ដើរតួនាទីជា«ទូតមិត្តភាព»ដ៏សំខាន់ ក្នុងការចូលរួមរឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេស នូវែលសេឡង់ឱ្យកាន់តែជិតស្និទ្ធថែមទៀតតាមរយៈការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនព្រមទាំងចូល រួម ផ្សព្វផ្សាយ និងលើកកម្ពស់ទំនុកចិត្តដល់វិនិយោគិនបរទេសឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់និស្សិតទាំងអស់ ត្រូវប្រែក្លាយឱកាសដ៏វិសេសវិសាលនេះ ឱ្យទៅជាគុណវុឌ្ឍិនៃជីវិត ដ្បិត «ការអប់រំ គឺជាសព្វាវុធដ៏មានឥទ្ធិពលបំផុត ដែលយើងអាចប្រើប្រាស់ដើម្បីផ្លាស់ប្តូរ និងធ្វើឱ្យពិភពលោកកាន់តែមានភាពប្រសើរឡើង»។

ទន្ទឹមគ្នានោះ លោក ស៊ូ ពិសែន តំណាងនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលនូវែលសេឡង់ បានសម្តែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំរដ្ឋសភា ដែលបានអនុញ្ញាតឱ្យក្រុមនិស្សិតចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំដ៏មានតម្លៃ មុននឹងចាកចេញទៅបន្តការសិក្សានៅក្រៅប្រទេស ដែលទាំងនេះនឹង ក្លាយជា ត្រីវិស័យ និងធាតុចូលដ៏សំខាន់សម្រាប់ការសិក្សារបស់និស្សិត។
លោក ស៊ូ ពិសែន ដែលនឹងទៅសិក្សានៅប្រទេសនូវែលសេឡង់ ថ្នាក់បណ្ឌិត សិក្សាលើជំនាញ សារគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយ ឬហៅក្រៅថា ទំនាក់ទំនង (Communication and Media Studies) ៖«ការចេញទៅសិក្សានៅបរទេស នេះគឺជាលើកទី២ហើយ ខណៈខ្ញុំបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រួចហើយ នៅប្រទេសអាល្លឺម៉ង់។ សម្រាប់ខ្ញុំមានអារម្មណ៍មោទនភាព ដែលមានឱកាសទៅបន្តការសិក្សានៅបរទេស វាមិនមែនមោទនភាពសម្រាប់តែរូបខ្ញុំទេ តែជាមោទនភាពសម្រាប់ ឪពុក ម្ដាយ ខ្ញុំដែរ ពីព្រោះពួកគាត់មិនបានសិក្សាទេ តែគាត់ខិតខំផ្គត់ផ្គង់ឱ្យខ្ញុំបានរៀនរហូតមានឱកាសទៅសិក្សានៅបរទេស។ ហើយនេះក៏ជាមុខមាត់របស់ជាតិផងដែរ នៅពេលនិស្សិតខ្មែរមានសមត្ថភាពកាន់តែច្រើនទទួលបានអាហារូបករណ៍នោះ នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងរដ្ឋក៏កាន់តែល្អ ហើយក៏ជាចំណែកទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុនដែរ។ ខ្ញុំនឹងខិតខំសិក្សា ហើយនឹងផ្សព្វផ្សាយពីកម្ពុជាទាំងវប្បធម៌ ការអភិវឌ្ឍ ស្ថិរភាពសង្គម និងជំហររបស់រាជរដ្ឋាភិបាល ដែលផ្ដល់តម្លៃខ្ពស់លើសន្ដិភាព និងច្បាប់អន្ដរជាតិ»។

កញ្ញា រិទ្ធ សុវណ្ណដាលីន គ្រូបង្រៀនផ្នែកបច្ចេកវិទ្យា បម្រើការងារនៅស្ថាប័នឯកជន ដែលនឹងទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មុខជំនាញ បញ្ញាសិប្បនិមិត្ត Ai នៅប្រទេសនូវែលសេឡង់ (Newzealand) ៖«សម្រាប់ខ្ញុំ គឺធ្លាប់ទៅសិក្សានៅបរទេសច្រើនលើកហើយ ប៉ុន្ដែរយៈពេលខ្លី ហើយសម្រាប់រយៈពេលវែងជាង ២ឆ្នាំលើកនេះ គឺជាលើកទី១។ ចំពោះរូបនាងខ្ញុំ អំឡុងពេលសិក្សានៅនូវែលសេឡង់ ខ្ញុំនឹងនាំយកវប្បធម៌ខ្មែរដ៏ល្អផូផង់ ខណៈដែលនាងខ្ញុំចេះរាំ របាំងគោះត្រឡោក ខ្ញុំនឹងផ្សព្វផ្សាយដល់ជនបរទេសដែលសិក្សាជាមួយ។ ហើយរឿងសំខាន់មួយទៀតដែលខ្ញុំ នឹងផ្សព្វផ្សាយទៅអន្ដរជាតិ គឺសន្ដិភាព កម្ពុជា មានសុខសន្ដិភាព រាជរដ្ឋាភិបាលកម្ពុជា ខិតខំខ្លាំងលើការចូលរួមជាមួយអន្ដរជាតិប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមបច្ចេកវិទ្យា ដែលធ្វើឱ្យកម្ពុជាមានសុវត្ថិភាពខ្ពស់សម្រាប់អ្នកទេសចរបរទេស។ ខ្ញុំជឿថា នៅពេលដែលកូនខ្មែរគ្រប់រូបផ្សព្វផ្សាយពីកម្ពុជានោះបរទេសកាន់តែច្រើននឹងដឹងច្បាស់ពីកម្ពុជា ហើយពួកគេនឹងមកលេងកម្ពុជា ក៏ដូចជាមកវិនិយោគនៅកម្ពុជាដែរ»។
សូមបញ្ជាក់ថា និស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលនូវែលសេឡង់ ដែលនឹងត្រូវចាកចេញ ទៅបន្តការសិក្សាសម្រាប់ឆ្នាំសិក្សា ២០២៧ ខាងមុខនេះ មានចំនួនសរុប ៣៦រូប៕





