ប្រមុខការទូតកម្ពុជា បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះតួនាទី ការចូលរួម និងការសម្របសម្រួលរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក ក្នុងការជំរុញដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ក៏ដូចជាការយកចិត្តទុកដាក់ជាបន្តបន្ទាប់លើបញ្ហានេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជំនួបពិភាក្សាការងារជាមួយឯកឧត្តម Christopher Anderson ឯកអគ្គរដ្ឋទូតថ្មី របស់សហរដ្ឋអាម៉េរិកប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ ឯកឧត្តម បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងលើកឡើងថា ការបំពេញបេសកកម្មនៅពេលនេះ គឺជាពេលវេលាដ៏មានអត្ថន័យ និងងាយចងចាំ ខណៈសហរដ្ឋអាមេរិកកំពុងប្រារព្ធខួបលើកទី ២៥០ នៃទិវាបុណ្យឯករាជ្យរបស់ខ្លួន។
នៅក្នុងជំនួបនោះ ភាគីកម្ពុជាបានគូសបញ្ជាក់ពីលទ្ធផលនៃជំនួបពិភាក្សារបស់ឯកអគ្គរដ្ឋទូតអាមេរិក ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីម្សិលមិញ និងជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជំនួបទាំងពីរបានឆ្លុះបញ្ចាំងពីការពេញចិត្តរបស់ប្រទេសទាំងពីរ ចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី។
រដ្ឋមន្ត្រីការបរទេសកម្ពុជាបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់សម្តេចធិបតី ដែលបានធ្វើដំណើរពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ទៅកាន់ទីក្រុងម៉ានីល ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក ខណៈកម្ពុជាជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក។ ក្នុងឱកាសនោះ សម្តេចធិបតីក៏បានជួបពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីការបរទេសអាមេរិកផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះតួនាទី ការចូលរួម និងការសម្របសម្រួលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុងការជំរុញដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ក៏ដូចជាការយកចិត្តទុកដាក់ជាបន្តបន្ទាប់លើបញ្ហានេះ រួមទាំងការលើកឡើងនៅក្នុងសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែកញ្ញា និងនៅក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងអាស៊ាន។ កម្ពុជាត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនឱ្យកាន់តែខ្លាំងក្លាថែមទៀត។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតអាមេរិកបានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីភាគីកម្ពុជា ដោយចាត់ទុកថា វាមិនត្រឹមតែឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ និងការងារដែលក្រុមការងារនៃប្រទេសទាំងពីរបានសម្រេចរួមគ្នាប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំរវាងអាមេរិក និងកម្ពុជានាពេលបច្ចុប្បន្ន។ ឯកអគ្គរដ្ឋទូតបានប្តេជ្ញាធ្វើការជាមួយភាគីកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងកម្ពុជា-អាមេរិក ទៅកាន់កម្រិតថ្មីមួយទៀត ព្រមទាំងបានសម្តែងការរីករាយដែលសម្តេចធិបតីជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក និងទន្ទឹងរង់ចាំបន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា លើការបន្តអនុវត្តស្មារតីនៃទីក្រុងគូឡាឡាំពួរ និងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត៕ អត្ថបទ៖ វង្ស សុភាព
