សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ជិត៥០ឆ្នាំមកនេះ ដោយផ្ដើមចេញពីបាតដៃទទេ កម្ពុជាសម្រេចបាននូវវឌ្ឍនភាពវិស័យសុខាភិបាលគួរជាទីមោទនៈ ដោយបានពង្រីកសេវាសុខភិបាលបានដល់គ្រប់មូលដ្ឋានពលរដ្ឋ។
ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលនានានៅមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នៅទូទាំងប្រទេស និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យ ដែលបានប្រារព្ធធ្វើនៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅក្នុងរយៈពេលជិត ៥០ឆ្នាំកន្លងមកនេះ កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរជាទីមោទន និងឆ្លុះបញ្ចាំងតាមរយៈការពង្រីកបណ្ដាញពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត, មន្ទីរពេទ្យបង្អែកស្រុក, មណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាព ព្រមទាំងការបង្កើនសមត្ថភាព ពិគ្រោះធ្វើរោគវិនិច្ឆ័យ ការព្យាបាលជាលំដាប់។
សម្ដេចធិបតី បានបញ្ជាក់ថា នេះជាការរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដើម្បីពង្រឹងគុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន និងធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺប្រកបដោយគុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា នៅជិតលំនៅឋាន ព្រមទាំងកាត់បន្ថយការចំណាយថវិកា និងពេលវេលាក្នុងការធ្វើដំណើរទៅទទួលសេវាព្យាបាលនៅទីរួមខេត្ត ឬរាជធានីភ្នំពេញ៕អត្ថបទ៖ វ៉ាន់
