យុវជន និងនិស្សិតជាច្រើនរូប ដែលបានចូលរួមក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះ បានបង្ហាញការសាទរ និងចាត់ទុកថា វេទិកានេះគឺជាស្ពានចម្លងដ៏សំខាន់ ដែលជួយឱ្យពួកគេមានភាពងាយស្រួលក្នុងការស្វែងរកការងារធ្វើ និងទទួលបានឱកាសសម្ភាសន៍ផ្ទាល់ជាមួយនិយោជក។
ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី ក្នុងអំឡុងពេលចូលរួមវេទិកាការងារ ក្រុមយុវជន បានលើកឡើងថា កន្លងមកការស្វែងរកការងារធ្វើតាមរយៈការដាក់ពាក្យតាមប្រព័ន្ធផ្សព្វផ្សាយនានា និងតាមប្រព័ន្ធអនឡាញ ជួនកាលត្រូវរង់ចាំយូរ និងពិបាកដឹងពីតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុន។ ប៉ុន្តែវេទិកាការងារនាថ្ងៃនេះ បានជួយដោះស្រាយកង្វល់ទាំងនោះ ដោយអនុញ្ញាតឱ្យយុវជនអាចជួបសម្ភាសន៍ផ្ទាល់ និងដឹងលទ្ធផលភ្លាមៗ។
ទន្ទឹមនឹងនេះ ក្រុមយុវជនក៏បានអំពាវនាវដល់យុវជន សិស្ស និស្សិតដទៃទៀត ដែលកំពុងស្វែងរកការងារធ្វើ ឬកន្លែងហាត់ការ សូមកុំរារែកក្នុងការចូលរួមវេទិកាការងារបែបនេះ ព្រោះជាឱកាសល្អក្នុងការបង្ហាញសមត្ថភាព និងទទួលបានបទពិសោធន៍ជាក់ស្តែងពីអ្នកជំនាញ។
សូមជម្រាបថា វេទិកាការងារ និងឱកាសកម្មសិក្សាការងារនេះ រៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) វិស័យការងារ និងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ដោយមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន១៥ និងនាំយកឱកាសការងារសរុបចំនួនជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារធ្វើ៕ អត្ថបទ៖ ឈិត បូរ៉ាវី








