ក្រុមបាល់ទាត់ភ្នំពេញស៊ីធី បានប្រកួតស្មើក្រុមម្ចាស់ផ្ទះឈើតុំពោធិ៍សាត់ ដោយលទ្ធផល ១-១ ក្នុងជំនួបជើងទី១ នៃវគ្គជម្រុះថ្នាក់ជាតិ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧។

ក្រោយការប្រកួតលោក សុក វាសនា គ្រូបង្វឹកក្រុមភ្នំពេញស៊ីធី បានមើលឃើញពីចំណុចខ្វះខាតច្រើនរបស់ក្រុម គ្រាដែលលោក ម៉ែន ពិភព គ្រូបង្វឹកក្រុមឈើតុំពោធិ៍សាត់ បានសោកស្ដាយចំពោះកូនក្រុម ដែលរងពិន័យកាតក្រហម ធ្វើឲ្យការប្រកួតប្រែប្រួលទាំងស្រុង។

ជំនួបជើងទី១ នៅកីឡដ្ឋានឈើតុំ រវាងសមាជិកលីគទី២ ទាំង ២ក្រុមនេះ បានបញ្ចប់ដោយជក់ចិត្ត បន្ទាប់ពីកីឡាករ ភាព មិថុនា រកបានគ្រាប់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ នៅនាទី១៨ តែសោកស្ដាយនៅនាទី៣៤ មិត្ដរួមក្រុម ហង្ស ពុទ្ធធារ៉ា បានរងពិន័យកាតលឿងទី២ ស្មើនឹងកាតក្រហម ដែលផ្ដល់ផលចំណេញឲ្យក្រុមភ្ញៀវ ក្នុងការប្រកួត ១០នាក់ ទល់នឹង ១១នាក់។
ក្រោយឈើតុំពោធិ៍សាត់ ខាតកីឡាករម្នាក់ ក្រុមភ្នំពេញស៊ីធី ក៏រកបានគ្រាប់តាមស្មើវិញ នៅចុងវគ្គទី១ ដែលកើតចេញពីគ្រាប់បាល់ភ្លាត់ចូលទីខ្លួនឯងពីកីឡាករ ឌឿន សុភក្ដី ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ដោយគ្មានក្រុមណាអាចស្វែងរកគ្រាប់បាល់បន្ថែមបានឡើយ។
ក្រោយចប់ការប្រកួតលោក សុក វាសនា បានបង្ហាញពីទម្រង់លេងរបស់កូនក្រុមនៅមានចន្លោះប្រហោងច្រើន ទោះបីគូប្រជែងមានកីឡាករកាតក្រហម តែពួកគេមិនអាចស្វែងរកជ័យជម្នះបាន ។ ការណ៍នេះ លោកនឹងពង្រឹងក្រុមឲ្យបានខ្លាំងនៅជើងទី២ ពិសេសនៅតំបន់ប្រយុទ្ធតែម្ដង។

ដោយឡែកលោក ម៉ែន ពិភព បានសម្ដែងការសោកស្ដាយ ដែលក្រុមរៀបចំបានល្អ តែក្រោយមានកូនក្រុមរងពិន័យកាតក្រហម ធ្វើឲ្យការប្រកួតប្រែប្រួល។ យ៉ាងណាលោកនៅតែសាទរកូនក្រុម ទោះមិនមានកម្លាំងកីឡាករបរទេសជួយ តែឈើតុំពោធិ៍សាត់ធ្វើបានល្អក្នុងការប្រកួតនេះ ហើយនឹងបន្ដខំប្រឹងបន្ថែមទៀត នៅជើងទី២។
សម្រាប់បញ្ជាក់ថា ក្រោយបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ក្រុមទាំងពីរ នឹងត្រូវជួបគ្នាម្ដងទៀត នាថ្ងៃទី៣ ខែធ្នូខាងមុខ ក្នុងជំនួបជើងទី២ ដើម្បីកំណត់ក្រុមឈ្នះឡើងទៅបង្គ្រប់កៅអីវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ ឆ្នាំ២០២៦/២៧៕ អត្ថបទ លី ឈុនឡា

