ក្នុងឆ្នាំ២០២៦នេះ នៅរាជធានីភ្នំពេញ មិនមានការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំព្រះសំពះខែ អកអំបុក នោះទេ ប៉ុន្តែទោះជាយ៉ាងនេះក្ដី នៅតាមគោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍នានា គឺនៅតែត្រៀមលក្ខណៈរួចរាល់សម្រាប់ការបើកដំណើរការទទួលទេសចរជាតិ អន្តរជាតី ដោយបានធ្វើការតុបតែងលំអ បង្ហាញអត្តសញ្ញាណវប្បធម៌ ដើម្បីឱ្យទេសចរចូលទស្សនាកម្សាន្តសប្បាយ។

លោក អាន សីហា អនុប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានថ្លែងប្រាប់BTV នៅថ្ងៃទី២០ ខែវិច្ឆិកានេះថា នៅអំឡុងថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូកនេះ នៅតាមរមណីយដ្ឋានទេសចរណ៍ ជាពិសេស គោលដៅទេសចរណ៍ ផ្លូវថ្មើជើងចតុមុខ គឺនឹងធ្វើការបើកដំណើរការរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកានេះ ព្រមជាមួយគ្នានេះ នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួន ក៏នឹងមានការរៀបចំតុបតែលំអរ បង្ហាញអត្តសញ្ញាណវប្បធម៌ រៀបចំតាំងពិព័រណ៍បង្ហាញផលិតផលរបស់ខ្លួន និងមានរៀបចំកម្មវិធីកម្សាន្តសប្បាយនានាទៀតជាច្រើន ហើយរំពឹង រាល់កម្មវិធីនានានោះ នឹងទាក់ទាញទេសចរជាតិ អន្តរជាតិទស្សនាច្រើនកុះករ។
លោក អាន សីហា បន្តថា រហូតមកដល់នេះ មន្ទីរទេសចរណ៍បានចុះផ្សព្វផ្សាយតាមមូលដ្ឋានអាជីវកម្មទេសចរណ៍រួចហើយ ជាពិសេស តាមមូលដ្ឋានអាជីវកម្មត្រូវពង្រឹងកិច្ចផ្តល់សេវាបដិសណ្ឋារកិច្ចល្អ មានគុណភាព សុវត្ថិភាព និងត្រូវបញ្ជាក់ពីតម្លៃ និងលក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់ បង្កភាពងាយស្រួលដល់ភ្ញៀវធ្វើការពិចារណា ជ្រើសរើសទិញផលិតផលទេសចរណ៍ ឬប្រើប្រាស់សេវាកម្មទេសចរណ៍ ជាដើម។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥កន្លងទៅ នៅរាជធានីភ្នំពេញ មិនបានរៀបចំកម្មវិធីផ្សេងៗសម្រាប់អបអរសាទរព្រះរាជពិធីបុណ្យអុំទូកនោះទេ ប៉ុន្តែនៅថ្ងៃឈប់សម្រាក៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៥កាលនោះ បានទាក់ទាញទេសចរជាតិ អន្តរជាតិ បានជាង៣០ម៉ឺននាក់ ហើយនៅឱកាសថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូកបីថ្ងៃ ឆ្នាំ២០២៦រំពឹងនឹងមានទេសចរជាតិ អន្តរជាតិ អញ្ជើញមកទស្សនាច្រើនកើនឡើងឆ្នាំកន្លងទៅ៕ អត្ថបទ៖ ស៊ុម សុខជា

