អឺរ៉ុប៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen កាលពីថ្ងៃអង្គារបានចោទប្រកាន់រុស្ស៊ីថា បានបាញ់ផ្លោងដោយចេតនាលើឃ្លាំងគ្រាប់ធញ្ញជាតិនៅទូទាំងប្រទេសអ៊ុយក្រែន ដោយយកការផ្គត់ផ្គង់ស្បៀងអាហារធ្វើជាអាវុធ។
ថ្លែងទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស លោកស្រី Von der Leyen បាននិយាយថា ស្រូវសាលីប្រមាណ 20លានតោននៅតែជាប់គាំងនៅក្នុងប្រទេសអ៊ុយក្រែន ខណៈ កំពង់ផែសមុទ្រខ្មៅត្រូវបានបិទក្នុងអំឡុងពេលជម្លោះ។ លោកស្រីនិយាយថា វាមានន័យថា បណ្តាប្រទេសដែលងាយរងផលប៉ះពាល់ និងប្រជាជនដែលងាយរងគ្រោះនឹងរងទុក្ខលំបាកខ្លាំងបំផុត។ មុនពេលសង្គ្រាម អ៊ុយក្រែនគឺជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិធំបំផុតមួយនៅលើពិភពលោក។
ទន្ទឹមគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោក Grant Shapps បាននិយាយថា ចក្រភពអង់គ្លេសកំពុងពិភាក្សាជាមួយអ៊ុយក្រែន អំពីរបៀបជួយនាំយកគ្រាប់ធញ្ញជាតិចេញពីប្រទេស បន្ទាប់ពីរុស្ស៊ីបានបិទច្រកកំពង់ផែសមុទ្រ។ លោក Shapps និយាយថា លោកមានការព្រួយបារម្ភខ្លាំងអំពីបញ្ហានេះ ដែលបានមើលឃើញថា តម្លៃស្បៀងអាហារពិភពលោកកើនឡើង ខណៈអ៊ុយក្រែនមិនអាចនាំចេញគ្រាប់ធញ្ញជាតិជិត 25លានតោន៕
អត្ថបទ៖ ប៊ុនថន