ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ បានសម្ដែងភាពសប្បាយរីករាយនៅពេលទស្សនាប្រាសាទអង្គរវត្ដ ដោយពួកគាត់ បានកោតសរសើរនៃការការពារសន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណភាព មានភាពល្អប្រសើរ នៅតំបន់អង្គរ ក្នុងឱកាសពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៦នេះ។

តាមរយៈបទសម្ភាសន៍ផ្ទាល់ ភ្ញៀវទេសចរជាច្រើនបានបង្ហាញពីអារម្មណ៍រំភើប និងក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះការរៀបចំរបស់អាជ្ញាធរជាតិអប្សរា ក្នុងការអភិរក្ស និងអភិវឌ្ឍនៅតំបន់រមណីយដ្ឋានអង្គរ។ ពួកគាត់បានលើកឡើងថា ខេត្ដសៀមរាបទោះបានទៅកម្សាន្ដជាច្រើនលើកមកហើយ ជាពិសេសប្រាសាទអង្គរ ប៉ុន្ដែនៅតែចង់ឃើញប្រាសាទអង្គរថែមទៀត ជាពិសេសថ្ងៃបុណ្យជាតិធំៗ ដូចជាចូលឆ្នាំថ្មី អុំទូកជាដើម។ ពួកគាត់បន្ដថា ពួកគាត់បានឃើញប្រាសាទអង្គរភ្លាម មានអារម្មណ៍សប្បាយចិត្ត ខណៈដែលមានភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាច្រើនបានទៅទស្សនាប្រកបដោយស្នាមញញឹម និងមានសណ្តាប់ធ្នាប់ល្អ គ្មានភាពរញ៉េរញ៉ៃ ដើរដោយក្តីទុកចិត្ត និងសុវត្ថិភាព។ ជាមួយគ្នានេះ ពួកគាត់បានសាទរចំពោះការរៀបចំសោភ័ណភាពក្រុង បរិស្ថានអនាម័យ និងការសម្របសម្រួលយ៉ាងល្អប្រសើរពីសំណាក់កម្លាំងសមត្ថកិច្ច ដែលធ្វើឱ្យពួកគាត់មានអារម្មណ៍កក់ក្តៅ និងមានសុវត្ថិភាពពេញលេញនៅទឹកដីអង្គរ។
របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៃពិធីបុណ្យអុំទូក នៅខេត្តសៀមរាប មានភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋបានដើរលេងកម្សាន្តជាង ១៩៩ ៩០០ នាក់។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំនូវកម្មវិធីកម្សាន្ត រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ និងកម្មវិធីអុំទូករយៈពេល ៣ថ្ងៃ២២ដល់២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមបណ្ដោយដងស្ទឹងសៀមរាប អមដោយកម្មវិធីការពិព័រណ៍ផលិតផលនានា និងកម្មវិធីកម្សាន្តជាច្រើនទៀត៕











