សម្តេចសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បួងសួងសុំសេចក្តីសុខ សន្តិភាពជូនជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦នៅខេត្តសៀមរាប ដែលពិធីនេះរៀបចំឡើង ដោយរដ្ឋបាលខេត្តនៅវេទិកាអុំទូក នារាត្រីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
ពីធីបួងសួងនេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវបានចូលរួមអមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។
ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានអញ្ជើញអុជធូបទៀន ថ្វាយគ្រឿងសក្ការបូជា គ្រឿងក្រអូប ថ្វាយភ្លេង ថ្វាយបុព្វបុរសដែលបានកសាងអង្គរនិងប្រាសាទនានានៅទូទាំងប្រទេស និងបានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទសបារមី រក្សាទឹកដី ថ្វាយព្រះពរជ័យ ថ្វាយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ, ជូនពរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យជួបតែសេចក្តីសុខចម្រើន។
សម្ដេចសង្គហបណ្ឌិត ក៏បានប្រសិទ្ធពរដល់កងទ័ព ជួរមុខ ដែលកំពុងឈរជើងការពារទឹកដី និង បួងសួងសុំសេចក្តីសុខឱ្យប្រទេសជាតិ សូមឱ្យកម្ពុជាជៀសផុតពីជំងឺឧបទ្រពចង្រៃនានា ជៀសផុតពីគ្រោះធម្មជាតិ ព្រមទាំងទទួលបាននូវកំណើនភ្ញៀវទេសចរ និងសេដ្ឋកិច្ចរីកចម្រើនខ្លាំងក្លា។
ជាមួយគ្នានោះសម្តេចកិត្តិសង្គហបណ្ឌិតក៏បានជូនពដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលបានធ្វើដំណើរចូលរួមក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំព្រះព្រះខែ នៅតាមបណ្តាខេត្តនានា សូមធ្វើដំណើររប្រកដោយសុខសុវត្ថិភាព និងទទួលបានសេចក្តីសុខគ្រប់ៗក្រុមគ្រួសារ។ ពិសេស សូមគោរពច្បាប់ចរារណ៍ និងបើកបរដោយការទទួលខុសត្រូវ និងអធ្យាស្រ័យដល់គ្នាទៅវិញទៅមក។
សូមបញ្ជាក់ថាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មិនត្រឹមតែជាការគោរពដឹងគុណចំពោះម្ចាស់ទឹកម្ចាស់ដី ទេវតារក្សាលោក និងបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលជាអត្តសញ្ញាណជាតិ និងប្រពៃណីដ៏ល្អផូរផង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ និងស្ថាបត្យកម្មខ្មែរ ទៅកាន់ពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅប្រទេសកម្ពុជា ពិសេសគឺទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបផងដែរ៕














