ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានរំឭកឡើងវិញតាមរយៈសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា «កម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC)នៅឆ្នាំ២០២៩»។ ដែលនេះជាការគូសបញ្ជាក់របស់លោកស្រី Rabab Fatima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច នាឱកាសដែលលោកស្រីបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាកាលពីខែមេសាកន្លងទៅ នៅវិមានសន្តិភាព។

លោកស្រីបន្តថា តាមរយៈការវាយតម្លៃពីរលើកកន្លងមក កម្ពុជាបានសម្រេចតាមលក្ខណៈវិនិច្ឆ័យរួចរាល់សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC) តាមការគ្រោងទុក នៅឆ្នាំ ២០២៩ ហើយអង្គការសហប្រជាជាតិប្ដេជ្ញាបន្តគាំទ្រកម្ពុជាតាមរយៈការបង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីគាំទ្រដល់ដំណើរការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍតិចតួចនេះ។
ទន្ទឹមនឹងការស្វាគមន៍ចំពោះការគាំទ្ររបស់អង្គការសហប្រជាជាតិ សម្ដេចធិបតី នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់វិធានការជាក់ស្ដែងដើម្បីកសាងភាពធន់របស់កម្ពុជាតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្ដោតលើការអភិវឌ្ឍមូលធនមនុស្ស និងកំណែទម្រង់វិស័យអប់រំ សុខាភិបាល ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុស្របតាមការវិវត្តនៃបច្ចេកវិទ្យារបស់ពិភពលោក និងការជំរុញភាពជាដៃគូជាមួយវិស័យឯកជនជាដើម។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរំឭកថា ប្រទេសកម្ពុជាបានហែលឆ្លងកាត់សង្គ្រាមស៊ីវិល និង របបប្រល័យពូជសាសន៍ប៉ុលពតសរុបអស់រយៈពេលជិត៣ទសវត្សដែលធ្វើឱ្យប្រទេសជាតិនិងប្រជាជនរងការបំផ្លិចបំផ្លាញនិងកាប់សម្លាប់យ៉ាងរង្គាលនិងព្រៃផ្សៃបំផុត ខណៈដែលបណ្តាប្រទេសជិតខាង និងក្នុងតំបន់បន្តអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ។ ប្រឈមនឹងគ្រោះមហន្តរាយដ៏គួរឱ្យរន្ធត់តក់ស្លុតនេះ ថ្នាក់ដឹកនាំរៀមច្បងនៃយើងដែលមានសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនផ្សេងទៀត រួមទាំងយុទ្ធជន យុទ្ធនារី ស្នេហាជាតិ បានតស៊ូលះបង់គ្រប់បែបយ៉ាង ដោយយកជីវិតធ្វើដើមទុន ទម្រាំតែអាចទាញប្រទេសនិងប្រជាជនខ្មែរចេញពីជ្រោះមរណៈបាន។
ការសង្គ្រោះប្រជាពលរដ្ឋចេញពីសេចក្តីស្លាប់គឺជាបេសកកម្មដ៏ធំបំផុតមួយទៅហើយ ប៉ុន្តែ ការស្វែងរកសន្តិភាព និងការស្តាប្រទសឡើងវិញពីគំនរផេះផង់ ពីឈាមនិងទឹកភ្នែក ឱ្យក្លាយជាប្រទេសស្គាល់ការអភិវឌ្ឍន៍ក្នុងសម័យទំនើបដូចបច្ចុប្បន្ន គឺជាបេសកកម្មដ៏លំបាកលំបិនមួយទៀត ដែលទាមទារការលះបង់ដ៏ធំធេងម្តងទៀត។ ទីបំផុត សន្តិភាពត្រូវបានរកឃើញនៅចុងឆ្នាំ ១៩៩៨ តាមរយៈការដាក់ចេញនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
សន្តិភាពពេញលេញក្នុងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ និងគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលបានផ្តល់ឱកាសឱ្យកម្ពុជាបានស្គាល់ការអភិវឌ្ឍន៍យ៉ាងលឿនរហ័សលើគ្រប់វិស័យ និងពង្រឹងខ្លួនកាន់តែរឹងមាំប្រកបដោយភាពធន់ជាលំដាប់។ ពីប្រទេសមួយដែលអ្នកចេះដឹងត្រូវបានកាប់សម្លាប់ស្ទើរគ្មានសល់ ហេដ្ឋារចនាសម្ព័ន្ធសង្គមត្រូវបានបំផ្លិចបំផ្លាញដល់ឬសគល់, ពីប្រទេសមួយដែលប្រជាជនមានរូបកាយស្គមស្គាំង ដើរដោយជើងទទេ គ្មានស្បែកជើងពាក់ គ្មានយានជំនិះ គ្មានអាហារគ្រប់គ្រាន់ គ្មានសម្លៀកបំពាក់សមរម្យ គ្មានកម្មសិទ្ធិឯកជន គ្មានសាលារៀន ពោលគឺគ្មានអ្វីទាំងអស់មកជាប្រទេសមួយដែលស្គាល់ការអភិវឌ្ឍន៍ក្នុងសម័យទំនើបដែលប្រជាពលរដ្ឋមានស្នាមញញឹមស្រស់ស្រាយគ្រប់ទិសទី និងមានអ្វីៗសព្វបែបយ៉ាងដូចសព្វថ្ងៃ គឺជាការផ្លាស់ប្តូរមុខមាត់ថ្មីដ៏គួរឱ្យមោទនៈយ៉ាងក្រៃលែងសម្រាប់ប្រជាជាតិខ្មែរដ៏កំសត់មួយនេះ។ នៅពីក្រោយការប្រែប្រួលដ៏ធំធេងដែលស្ទើរតែមិនគួរឱ្យជឿនេះ គឺការលះបង់ និងការចាត់ចែងរបស់ថ្នាក់ដឹកនាំរៀមច្បងជាពិសេសសម្តេចតេជោ ហ៊ុន សែន និងមានអ្នកថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្ស ហើយបន្តបង្កើតសមិទ្ធផលថ្មីៗទៀតជូនប្រទេសជាតិនិងប្រជាជន គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសង្កត់ធ្ងន់ថា នៅពេលដែលយើងប្រៀបធៀបកម្ពុជាជាមួយប្រទេសណាមួយ យើងមិនអាចមើលរំលងអតីតកាលដ៏សែនវេទនា ជូរចត់របស់កម្ពុជាបានឡើយ ហើយនៅពេលដែលយើងក្រឡេកមើលអតីតកាល នោះយើងនឹងឃើញសមិទ្ធផលបច្ចុប្បន្នកាលដ៏គួរឱ្យមោទនៈបំផុត។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលមិនដែលស្កប់ស្កល់នឹងសមិទ្ធផលទាំងនេះទេ ហើយនៅតែបន្តខិតខំបន្ថែមទៀតដើម្បីអនាគតកាន់តែប្រសើរឡើងរបស់កម្ពុជា ពិសេសប្រឹងរត់ឱ្យទាន់ប្រទេសជិតខាងនិងបណ្តាប្រទេសក្នុងតំបន់។
ការវាយតម្លៃរបស់អង្គការសហប្រជាជាតិថា កម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច(LDC)នៅឆ្នាំ២០២៩ ខាងមុខ មិនត្រឹមតែជាដំណឹងដ៏គួរឱ្យសាទរតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែ វាជាការត្រៀមខ្លួនដ៏ពិតប្រាកដមួយដើម្បីរែកពន់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ណាស់ក្នុងឋានៈជាប្រទេសដែលឈរស្មើមុខមាត់គេឯង និងប្រកួតប្រជែងស្មើភាពគ្នា ជាមួយបណ្តាប្រទេសអភិវឌ្ឍន៍ជឿនលឿនផ្សេងទៀត ដោយគ្មានលក្ខខណ្ឌអនុគ្រោះឬលើកលែងណាមួយដូចពីមុនទៀតឡើយ។ នេះជាអ្វីដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរបាននិងកំពុងត្រៀមខ្លួនទទួលយកដោយមោទនៈ និងដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕
