ទីបំផុត!!! ព្រះខ័នរាជស្វាយរៀងធ្វើបានសម្រេចហើយ!!!
ជើងឯកកម្ពុជាព្រះខ័នរាជស្វាយរៀង បានធ្វើឱ្យអ្នកគាំទ្របាល់ទាត់ជាតិ មានមោទនភាពយ៉ាងខ្លាំង ក្រោយយកឈ្នះក្លឹបខ្លាំងជប៉ុន FC Machida Zelvia ២ទល់០ ការប្រកួតទី៥ក្នុងពូល G ព្រឹត្តិការណ៍បាល់ទាត់ពានកម្រិតទី២ទ្វីបអាស៊ី (AFC Champion League Two) យប់ថ្ងៃទី២៦ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

កាលពីជើងទី១ថ្ងៃទី១៧ ខែកញ្ញា Machida បានយកឈ្នះព្រះខ័នរាជស្វាយរៀង ២ទល់០នៅតូក្យូ។
ជំនួបនេះវគ្គទី១ក្រុមទាំងបានត្រឹមស្មើគ្នា ០ទល់០។ តែក្នុងវគ្គទី២ ពីមុខអ្នគាំទ្រជិត៨០០០នាក់ នៅនាទីទី៥៩ កីឡាករ Martin Junior ទាត់បញ្ចូលទីគ្រាប់នាំមុខឱ្យព្រះខ័នរាជស្វាយរៀង មុនពេលកីឡាករ Thiago Alves បន្ថែមគ្រាប់ទីនៅនាទីទី៧២។ នាទីនៅសេសសល់ទោះបី Machida ដាក់សម្ពាធខ្លាំងលើព្រះខ័នរាជស្វាយរៀងយ៉ាងណាក៏ ក៏នៅតែគ្មានគ្រាប់បាល់កើតឡើងនោះទេ។ ចប់ការប្រកួតព្រះខ័នរាជឈ្នះ ២ទល់នឹង០។
ក្រោយចប់ការប្រកួត អ្នកទាត់បញ្ចូលទីគ្រាប់នាំមុខឱ្យជើងឯកកម្ពុជា Martin Junior បានបង្ហាញពីអារម្មណ៍រីករាយដែលជួយក្លឹបទទួលបានបីពិន្ទុ ហើយចំពោះមុខសប្ដាហ៍ក្រោយត្រៀមឱ្យបានល្អ ដោយត្រូវជួបក្រុមខ្លាំងមួយទៀត ។
ក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតលោក Matthew McConkey បានបង្ហាញនូវមោទនភាពចំពោះកូនក្រុមដែលធ្វើបានល្អ ហើយអ្វីដែលត្រូវធ្វើគឺត្រៀមសម្រាប់ការប្រកួតបន្ទាប់សប្ដាហ៍ក្រោយ
ចំណែក លោក Go Kuroda គ្រូបង្វឹក Machida ក៏បានប្រាប់អ្នកសារព័ត៌មានពីហេតុផលមួយចំនួនដែលនាំឱ្យក្រុមរបស់លោករងបរាជ័យក្រោមថ្វីជើងព្រះខ័នរាជស្វាយរៀង ដូចជាកាលវិភាគប្រកួតដ៏មមាញឹករបស់ក្លឹប និងមានពេលសម្រាកខ្លី និងត្រូវធ្វើដំណើរមកកម្ពុជា ក្រោយប្រកួតលីគកំពូលជប៉ុន។
តាមរយៈលទ្ធផលនេះ ព្រះខ័នរាជស្វាយរៀង មាន១០ពិន្ទុ និងត្រូវការត្រឹមស្មើជាមួយក្លឹបចិន Shanghai Shenhua ការប្រកួតចុងក្រោយក្នុងពូលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៦ខាងមុខនេះនៅទីក្រុងសៀងហៃដើម្បីធានាកៅអីវគ្គបន្ត។ ចំណែក Machida ទោះបីជាចាញ់ការប្រកួតនេះ ក៏មានពិន្ទុគ្រប់គ្រាន់ឡើងវគ្គបន្តរួចហើយ គ្រាដែលប្រកួតចុងក្រោយត្រូវជួប Tampines Rovers៕












