ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានកោតសរសើរក្រុមហ៊ុន វឌ្ឍនៈ គ្រុប និងចាត់ទុកជាក្រុមហ៊ុនគំរូក្នុងការនាំពិភពលោកឲ្យស្គាល់កម្ពុជា តាមរយៈកិច្ចខិតខំប្រឹងប្រែង និងទំនាក់ទំនងល្អជាមួយស្ថាប័នអន្ដរជាតិ រហូតទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍វាយកូនហ្គោលអន្ដរជាតិធំៗចំនួន ២ជាប់គ្នា គឺការប្រកួតពានរង្វាន់ Vattanac Legends Championship និង Vattanac Tour Championship ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូខាងមុខ។

នេះបើតាមប្រសាសន៍ ក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្ដ្រីតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញឲ្យថ្នាក់ដឹកនាំក្រុមហ៊ុន វឌ្ឍនៈ បានដឹកនាំគណៈប្រតិភូមកពីស្ថាប័ន Legends Tour ចូលជួបសម្ដែងការគួរម និងសំណេះសំណាល កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា នៅវិមានសន្ដិភាព។

ថ្លែងនាឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមបានសម្ដែងការស្វាគន៍យ៉ាងកក់ក្ដៅ ចំពោះលោក Ryan Howsam ប្រធានស្ថាប័ន Legends Tour និងកីឡាករវាយកូនហ្គោលអន្ដរជាតិល្បីៗមកពីជុំវិញពិភពលោក ដែលបានចូលរួមការប្រកួតនៅកម្ពុជា ពិសេសនៅទីលានដ៏ប្រណីត វឌ្ឍនៈ ហ្គោល រីហ្សត ដែលរៀបចំដោយក្រុមហ៊ុន វឌ្ឍនៈ គ្រុប ក្រោមកិច្ចសហការដ៏ល្អពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា។
ជាមួយវត្តមានកំពូលកីឡាករល្បីៗ ដែលចូលរួមប្រកួតព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកទី២ នៅកម្ពុជាពេលនេះ គឺជាបទពិសោធន៍ដ៏ល្អសម្រាប់យុវជន និងកីឡាករជម្រើសជាតិកម្ពុជា ជាពិសេសលើវិស័យកីឡាវាយកូនហ្គោល ដែលកម្ពុជាត្រូវការពេលវេលា និងការជំរុញបន្ថែម ដើម្បីឈានទៅសម្រេចលទ្ធផលកាន់តែល្អប្រសើរ។ ឯកឧត្តមក៏សង្ឃឹមថា ក្រោមកិច្ចសហការដ៏ល្អរវាងក្រុមហ៊ុន វឌ្ឍនៈ និង Legends Tour ព្រឹត្តិការណ៍នេះនឹងធ្វើជាបន្ដបន្ទាប់ទៀត។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ថា អ្វីដែលថ្នាក់ដឹកនាំ និងក្រុមហ៊ុន វឌ្ឍនៈ កំពុងខិតខំប្រឹងប្រែង និងព្យាយាមនាំយកព្រឹត្តិការណ៍វាយកូនហ្គោលលំដាប់ពិភពលោកមកកម្ពុជានេះ គឺជាគំរូដ៏ល្អក្នុងការបើកទ្វារស្វាគមន៍មិត្តភ័ក្ដ្រជុំវិញពិភពលោកមកកាន់ប្រទេសកម្ពុជា ឲ្យបានឃើញ បានស្គាល់ពីសុខសន្ដិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ រួមទាំងវិស័យកីឡា ដែលធ្លាប់បានរៀបចំព្រឹត្តិការណ៍ធំៗជាច្រើនទៀត ដូចជាមហាជោគជ័យស៊ីហ្គេម ឆ្នាំ២០២៣ ជាដើម។

គួរដឹងថា ក្រោយទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងការប្រកួតកាលពីឆ្នាំ២០២៥ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប និងស្ថាប័ន Legends Tour បានសហការរៀបចំព្រឹត្តិការណ៍ Vattanac Legends Championship និង Vattanac Tour Championship ជាលើកទី២ នៅកម្ពុជា កាន់តែធំ និងអស្ចារ្យជាងមុន ដោយមានកំពូលកីឡាករល្បីៗចូលរួមកាន់តែច្រើន អមដោយកម្មវិធីសំខាន់ៗជាច្រើន ដែលលើសពីការប្រកួតប្រជែងលើទីលានស្ដង់ដារអន្ដរជាតិ តែបានផ្សារភ្ជាប់ការផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ ទេសចរណ៍ និងកីឡាកម្ពុជា។
សម្រាប់ពានរង្វាន់ Vattanac Legends Championshipលើកទី២ បានប្រារព្ធពិធីបើកផ្លូវការ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ខណៈនៅថ្ងៃដដែល និងថ្ងៃបន្ទាប់ ក៏មានការប្រកួត Pro-Am រវាងក្រុមកីឡាករអាជីពអន្ដរជាតិ ទល់ក្រុមកីឡាករអាជីព និងមិនអាជីពជាតិ និងអន្ដរជាតិ ដែលបានបន្សល់នូវអនុស្សាវរីយ៍ និងការចែករំលែកដ៏ល្អ មុនឈានដល់ការប្រកួតរវាងកីឡាករលំដាប់កំពូលចំនួន ៧៩នាក់ មកពី ២២ប្រទេស រួមទាំងកីឡាករកម្ពុជាម្នាក់ផងដែរ ដើម្បីដណ្ដើមពានរង្វាន់ អមប្រាក់រង្វាន់ជាង ៦០ម៉ឺនដុល្លារ។
រីឯការប្រកួតពានរង្វាន់ Vattanac Tour Championship 2026 គឺកាន់តែអស្ចារ្យ ជាមួយវត្តមានកំពូលកីឡាករមានចំណាត់ថ្នាក់ខ្ពស់ពេញមួយរដូវកាល ដែលត្រូវជួបគ្នាប្រកួតដណ្ដើមពានរង្វាន់ អមប្រាក់រង្វាន់ ៨០ម៉ឺនដុល្លារ ដែលគ្រោងនឹងប្រព្រឹត្តពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ នៅទីលានវឌ្ឍនហ្គោលរីហ្សតតែមួយគត់៕ អត្ថបទ លី ឈុនឡា



