ប្រព័ន្ធលេខទូរស័ព្ទ ១២៩១ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានដាក់ឲ្យដំណើរការទៅអស់រយៈពេលច្រើនឆ្នាំកន្លងទៅហើយ ដែលវាបានដើរតួនាទីសំខាន់ក្នុងការជួយដល់កិច្ចអន្តរាគមន៍បានទាន់ពេលវេលាជូនពលរដ្ឋ ពេលមានបញ្ហាអាសន្នណាមួយ ឬអំពើអសន្តិសុខទាំងឡាយកើតឡើងនៅភូមិឋានរស់នៅរបស់ពួកគាត់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

ការទទួលការស្នើសុំកិច្ចអន្តរាគមន៍ និងចុះអន្តរាគមន៍បានទាន់ពេលវេលានេះដែរ ក៏ជាការរួមចំណែកខ្ពស់មួយលើការអនុវត្តគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាល បន្ថែមពីលើការចុះផ្សព្វផ្សាយអប់រំ ពលរដ្ឋ និងយុវជន លើបញ្ហាគ្រឿងញៀន ក្មេងទំនើង តាមរយៈវេទិកាសាធារណៈតាមភូមិឋាន និងតាមសាលារៀនផងដែរ ទាំងកម្រិតសិក្សាថ្នាក់បឋម អនុវិទ្យាល័យ និងវិទ្យាល័យជាដើម។
ជាក់ស្តែង ក្នុងពេលថ្មីៗនេះ មានករណីផ្ទុះការចាប់អារម្មណ៍០២ករណី បន្ទាប់ពីមានបុរសម្នាក់មានសភាពប្រើប្រាស់ថ្នាំញៀនលើសកម្រិត បានប្រើកាំបិតគំរាមកំហែងដល់ពលរដ្ឋក្បែរខាង បង្កការភិតភ័យ នៅខណ្ឌមានជ័យ និងមួយករណីទៀតមានបុរសម្នាក់មានជំងឺសសៃប្រសាទ បានប្រើហិង្សាលើសមាជិកគ្រួសារ វាយ និងដុតបំផ្លាញទ្រព្យសម្បត្តិ នៅខណ្ឌទួលគោក ត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានី ចុះធ្វើការបង្ក្រាបឃាត់ខ្លួនអនុវត្តនីតិវិធីច្បាប់ តាមរយៈការប្រើប្រាស់យុទ្ធវិធីជំនាញ។
ពលរដ្ឋ សម្តែងក្តីពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានី ពិសេសការពង្រឹងលើការចុះអន្តរាគមន៍ឲ្យបានទាន់ពេល ពេលប្រជាជនជួបអាសន្ន ត្រូវការកិច្ចអន្តរាគមន៍ នេះជាអ្វីដែលពលរដ្ឋត្រូវការ និងចង់បាន ហើយវាការបានផ្តល់ជាភាពកក់ក្តៅសម្រាប់ពលរដ្ឋ លើការការពារសន្តិសុខសុវត្ថិភាពផងដែរ មិនថានៅពេលយប់ ឬពេលថ្ងៃនោះឡើយ។
ទាក់ទងនឹងប្រព័ន្ធទូរស័ព្ទលេខ ១២៩១ ខាងលើនេះដែរ សមត្ថកិច្ចកងអាវុធហត្ថរាជធានីភ្នំពេញ ក៏សូមការអាធ្យាស្រ័យដល់ប្រជាពលរដ្ឋទាំងអស់ ប្រសិនបើបងប្អូនពុំមានការចាំបាច់ជាក់ស្តែង ឬជួបរឿងពិតប្រាកដអ្វីនោះទេ សូមមេត្តាកុំហៅទូរស័ព្ទទៅរំខានក្រុមការងារ ដើម្បីទុកលទ្ធភាពឲ្យក្រុមការងារសមត្ថកិច្ច អាចទទួលបានបណ្តឹងពិតប្រាកដ ក្នុងការចុះអន្តរាគមន៍ឲ្យបានទាន់ពេល ដល់អ្នកដែលត្រូវការកិច្ចអន្តរាគមន៍បន្ទាន់ ៕ លីហេង



