ក្រោយប្រជុំជជែកគ្នាទាំងបីលើកក្រោមការសម្របសម្រួលរបស់គណៈកម្មការផ្សះផ្សា UNCLOS មកនោះ ភាគីកម្ពុជា និងភាគីថៃបានឈានដល់ការបង្កើតក្រុមការងារបច្ចេកទេសចម្រុះ ដោយមានការចូលរួមពីគណៈកម្មការផ្សះផ្សា ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រប្រទេសទាំងពីរ ហើយក្រុមគណៈកម្មការនេះក៏នឹងទៅពិនិត្យតំបន់ជម្លោះជាក់ស្តែងនៅពេលខាងមុខនេះផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថាចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងាររាជរដ្ឋាភិបាល បានដឹកនាំគណៈ ប្រតិភូកម្ពុជាចូលរួមសម័យប្រជុំលើកទី៣ នៃនីតិវិធីផ្សះផ្សារវាងព្រះរាជាណាចក្រកម្ពុជា និងថៃ ក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលបានប្រព្រឹត្តទៅ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ក្នុងអំឡុងពេលសម័យប្រជុំនេះ គណៈប្រតិភូកម្ពុជាបានពន្យល់លម្អិតអំពីជំហររបស់កម្ពុជា និងបាន ផ្តល់ជូនគណៈកម្មការផ្សះផ្សានូវព័ត៌មានជាក់ស្ដែង និងព័ត៌មានបច្ចេកទេសពាក់ព័ន្ធ ដើម្បីជួយដល់គណៈកម្មការក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយប្រកបដោយសមធម៌រវាងភាគីទាំងពីរស្របតាមច្បាប់អន្តរជាតិនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ក៏ដូចជាការពារផលប្រយោជន៍ជាតិរបស់កម្ពុជា។
តាមសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា គណៈប្រតិភូកម្ពុជាក៏បានស្វាគមន៍ដំណើរទស្សនកិច្ចតាមទីតាំងជាក់ស្ដែងដោយគណៈកម្មការផ្សះផ្សានាពេលខាងមុខ ហើយបានបញ្ជាក់អំពីការត្រៀមខ្លួនផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ ដើម្បីធានាឱ្យដំណើរទស្សនកិច្ចនេះទទួលបានជោគជ័យ ដែលនឹងជួយឱ្យគណៈកម្មការទទួលបានការយល់ដឹង កាន់តែច្បាស់អំពីភូមិសាស្ត្រពាក់ព័ន្ធ និងបរិបទជាក់ស្ដែងនៃតំបន់ទាំងនោះ។
កិច្ចប្រជុំខាងលើក៏បានពិភាក្សាផងដែរ អំពីទិដ្ឋភាពជាក់ស្ដែងនៃការចុះពិនិត្យទីតាំងពាក់ព័ន្ធហើយវាជាវឌ្ឍនភាពដែលសម្រេចបានក្នុងអំឡុងពេលសម័យប្រជុំនេះដែរ «គឺភាគីទាំងពីរបានបង្កើតក្រុមការងារបច្ចេកទេសចម្រុះមួយ ដែលរួមមានសមាសភាពអ្នកជំនាញមកពីភាគីទាំងសងខាង សមាជិក និងគណៈកម្មការដើម្បីដោះស្រាយបញ្ហាបច្ចេកទេសពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ។ តាមរយៈកិច្ចប្រជុំបច្ចេកទេសដែលរៀបចំឡើងក្រោមការសម្របសម្រួលរបស់គណៈកម្មការភាគីទាំងពីរ បានឈានដល់ការយល់ដឹងរួមគ្នាលើសំណុំល័ក្ខខ័ណ្ឌកំណត់(parameters) ដែលនឹងត្រូវយកមកអនុវត្តសម្រាប់ការកំណត់ព្រំដែនសមុទ្រផងដែរ៕


