ក្រសួងពាណិជ្ជកម្ម នឹងរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩» ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦ ដើម្បីបន្តជំរុញការតភ្ជាប់ឧត្តមភាពផលិតផលជាតិទៅកាន់ទីផ្សារក្រៅប្រទេស ដែលនឹងប្រព្រឹត្តទៅក្រោមមូលបទ៖ «យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ភាពជាដៃគូ ទីផ្សារក្នុងស្រុក និងទីផ្សារសកល»។
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីកន្លងទៅ បានមានប្រសាសន៍ឱ្យដឹងថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនៅឆ្នាំនេះ នឹងកាន់តែមានភាពទាក់ទាញ ហើយនៅមានព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត ដែលក្រសួងនឹងផ្ដល់នូវភាពភ្ញាក់ផ្អើល ខណៈរាជរដ្ឋាភិបាលមានយន្តការបង្កើនគុណតម្លៃផលិតផលខ្មែរផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងផ្សារភ្ជាប់ទៅទីផ្សារអន្តរជាតិ។
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩នេះ គ្រោងរៀបចំស្តង់ពិព័រណ៍ចំនួនជាង ៣០០ស្តង់ ដោយមានរៀបចំការដាក់តាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលសក្តានុពលរបស់កម្ពុជា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការនាំចេញ នាំចូលទំនិញដែលមានគុណភាពខ្ពស់ និងសេវាកម្មដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់កម្ពុជា និងបណ្តា ប្រទេសនានា។ ជាពិសេស ក៏មានរៀបចំជាបញ្ជរសេវាសាធារណៈនានារបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការធ្វើធុរកិច្ចផងដែរ។
ក្រៅពីការតាំងពិព័រណ៍ ព្រឹត្តិការណ៍នេះ ក៏នឹងមានរៀបចំកម្មវិធីអមមួយចំនួន មានដូចជា៖ វេទិកាធុរកិច្ច វេទិកាចែករំលែកចំណេះដឹងនិងបទពិសោធន៍ធុរកិច្ច ជំនួបពាណិជ្ជកម្ម សិក្ខាសាលាស្តីពីការជំរុញការនាំចេញរបស់កម្ពុជា សិក្ខាសាលាកសាងសមត្ថភាពធុរជនលើវិស័យពាណិជ្ជកម្មឌីជីថល កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តកម្មកិច្ចការពិព័រណ៍ ការសម្តែងសិល្បៈ និងការប្រគំតន្ត្រីជាដើម។ បន្ថែមពីនេះ ក៏មានរៀបចំនូវពន្លាសេវាសាធារណៈរបស់រដ្ឋ ដែលមានការចូលរួមពីក្រសួង-ស្ថាប័ន និងធនាគារពាក់ព័ន្ធចំនួន១១ (ដូចជា ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធនាគារជាតិ ធនាគារ SMEs ជាដើម) ដើម្បីផ្តល់ព័ត៌មាន និងសេវាសាធារណៈបែបឌីជីថលដោយផ្ទាល់នៅនឹងកន្លែង។
សូមជម្រាបជូនថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០០៦មកម្ល៉េះ ក្រោមឈ្មោះដើមថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE)» មុននឹងប្តូរឈ្មោះមកជា «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTExpo)» នៅឆ្នាំ២០២៤។ កាលពីឆ្នាំ២០២៥ ពិព័រណ៍លើកទី១៨ ទទួលបានការចូលរួមពីក្រុមហ៊ុន សហគ្រាស និងស្ថាប័នសរុប ១៦៣ ស្មើនឹង២៦៩ស្តង់៕ អត្ថបទ៖ ឈិត បូរ៉ាវី
