ក្នុងឱកាសអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវសកម្មភាពហ្វឹកហ្វឺន និងបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី១១ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ថ្លែងគូសបញ្ជាក់ថា ការហ្វឹកហ្វឺន គឺជាការកសាងសមត្ថភាព បំប៉នជំនាញ ពង្រឹងគុណភាពកម្លាំង ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការពារជាតិ និងបម្រើមាតុភូមិ។

សកម្មភាពហ្វឹកហ្វឺន និងបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី១១ មានសិក្ខាកាមចំនួន ១២០នាក់ ដែលកំពុងអនុវត្តការហ្វឹកហ្វឺនបើកបរឆ្លងកាត់ទីប្រជុំជន ផ្លូវឆ្ងាយ និងតំបន់ព្រៃភ្នំ រយៈពេល២ថ្ងៃ នៅតំបន់ជើងភ្នំដំរីរមៀល ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ ដែលជាកត្តាចាំបាច់ក្នុងការកសាងធនធានមនុស្ស និងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់យោធិនឱ្យមានចំណេះដឹងចំណេះធ្វើ និងបទពិសោធន៍ជាក់ស្តែង ស្របតាមតម្រូវការភារកិច្ចរបស់អង្គភាព ខណៈការហ្វឹកហ្វឺននេះ មិនត្រឹមតែផ្តោតលើជំនាញបញ្ជាយានយន្តក្នុងស្ថានភាពផ្លូវ និងភូមិសាស្ត្រផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងចំណេះដឹងលើការគ្រប់គ្រងបច្ចេកទេស ការជួសជុល និងថែទាំមធ្យោបាយ ការប្រើប្រាស់សម្ភារៈប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃ ព្រមទាំងការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីធានាសុវត្ថិភាព សណ្តាប់ធ្នាប់ និងការទទួលខុសត្រូវខ្ពស់ក្នុងពេលបំពេញភារកិច្ចផងដែរ។
ជាក់ស្តែង សមត្ថភាពរបស់កងកម្លាំងដឹកជញ្ជូន គឺជាផ្នែកមួយដ៏សំខាន់ក្នុងការធានានូវប្រសិទ្ធភាពនៃការបំពេញភារកិច្ចរបស់កងទ័ព។ ដូច្នេះការបណ្តុះបណ្តាលជំនាញឱ្យបានត្រឹមត្រូវ និងការភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង គឺជាមូលដ្ឋានគ្រឹះក្នុងការកសាងកម្លាំងដែលមានសមត្ថភាព វិជ្ជាជីវៈ វិន័យ និងភាពម្ចាស់ការខ្ពស់ រួមចំណែកដល់ការពង្រឹងខឿនការពារជាតិ ការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីនៃមាតុភូមិជាដើម។ លោកឧត្តមសេនីយ៍បានគូសបញ្ជាក់ថា «ការហ្វឹកហ្វឺន គឺជាការកសាងសមត្ថភាព ការបំប៉នជំនាញ គឺជាការពង្រឹងគុណភាពកម្លាំង ហើយការកសាងធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ វិន័យ និងការទទួលខុសត្រូវ គឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការពារជាតិ និងបម្រើមាតុភូមិ។
ក្នុងឱកាសនោះដែរមេបញ្ជាការកងពលក៏បានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ ហ្វឹកហាត់ឱ្យបានហ្មត់ចត់ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងវគ្គ មានសាមគ្គីភាពផ្ទៃក្នុងល្អ គោរពពេលវេលា និងកសាងអត្តចរិត សីលធម៌ និងឥរិយាបថឱ្យសក្តិសមជាកងយោធពលខេមរភូមិន្ទផងដែរ៕ អត្ថបទ៖ បាន ចក់






