នៅថ្ងៃនេះ ២៨ វិច្ឆិកា ២០២៦ គឺជាខួបលើកទី៨ នៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្ដែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ដែលជាប្រភេទល្ខោនដ៏ចំណាស់មួយនៃសិល្បៈទស្សនីយភាពរបស់ខ្មែរ។
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នាទីក្រុងព័រល្វីស, សាធារណរដ្ឋម៉ូរីស ល្ខោនខោលវត្តស្វាយអណ្តែត នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ បន្ទាប់ពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ពាក្យស្នើសុំចុះបញ្ជីអង្គការយូណេស្កូ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ល្ខោនខោលវត្តស្វាយអណ្តែត នៅក្នុងភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ ល្ខោននេះ គឺជាប្រភេទល្ខោនដ៏ចំណាស់មួយនៃសិល្បៈទស្សនីយភាពរបស់ខ្មែរ ដែលគេសម្តែងដោយមានពាក់មុខខ្មុក (លើកលែងតួអង្គព្រះរាម និងព្រះលក្សណ៍) ហើយអ្នករាំ សុទ្ធ តែជាមនុស្សប្រុសទាំងអស់ ហើយសម្តែងតែរឿងរាមកេរ្តិ៍ប៉ុណ្ណោះ។ ភ្លេងសម្រាប់ប្រគំកំដរពេលសម្តែង គឺវង់ភ្លេងពិណពាទ្យ ហើយអមដោយអ្នកពោលរៀបរាប់ពីដំណើររឿង ដើម្បីឱ្យតួអង្គធ្វើ កាយវិការតាមខ្លឹមសារនៃពាក្យពំនោលនោះ។
ហេតុនេះ ជាទូទៅអ្នកពោលមានតួនាទីសំខាន់ណាស់នៅក្នុងវង់ល្ខោន ដ្បិតជាអ្នកដែលចេះចាំសាច់រឿងរាមកេរ្តិ៍ច្រើនវែងឆ្ងាយជាងគេ ម៉្លោះហើយអ្នកពោលនោះ ច្រើនជាអ្នកដឹកនាំរឿង និងជាអ្នកកាត់កងឆាកនេះឆាកនោះ តម្រូវទៅតាមពេលវេលាទៀតផង។ សម្លៀកបំពាក់ និងគ្រឿងអលង្ការប្រើក្នុងល្ខោនខោលមានភាពប្រណីតពុំចាញ់ល្ខោនព្រះរាជទ្រព្យឡើយ មិនថាជាល្ខោនរបស់ព្រះរាជវាំង ក្រុមល្ខោនអាជីព ឬរបស់អ្នកស្រែចម្ការនោះទេ។
លក្ខណៈពិសេសរបស់ល្ខោនខោលវត្តស្វាយអណ្តែត គឺពុំមែនសម្តែងសម្រាប់ទស្សនាកម្សាន្តប៉ុណ្ណោះទេ ដ្បិតអ្នកស្រុកតែងសម្តែងជាទំនៀមក្រោយចូលឆ្នាំ ក្នុងជំនឿដើម្បីសុំសេចក្តីសុខចម្រើន។ អន្លើដែលគេតែងលើកមកសម្តែងពុំដែលរំលង គឺ “កុម្ភការណ៍ទប់ទឹក” ដែលគេយល់ថានឹងធ្វើឱ្យស្រុកភូមិសុខសប្បាយ ហើយមានទឹកភ្លៀងបរិបូរណ៍ សម្រាប់ការធ្វើស្រែចម្ការទៅឆ្នាំខាងមុខ៕ អត្ថបទ៖ វ៉ាន់



