លោកជំទាវ សុទ្ធ សុម៉ាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើក “កម្មវិធីសប្តាហ៍វប្បធម៌អរូបីនៃកម្ពុជា លើកទី២ ឆ្នាំ២០២៦” នាល្ងាចថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០២៦ នៅបរិវេណផ្លូវថ្មើរជើង សួនច្បារមុខវត្តឧណ្ណាលោម។

ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌអរូបី និងឧស្សាហកម្មវប្បធម៌ច្នៃប្រតិដ្ឋបានមានប្រសាសន៍ថា ការរៀបចំកម្មវិធីសប្តាហ៍វប្បធម៌អរូបីនៃកម្ពុជា លើកទី២ ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះត្រូវបានផ្តួចផ្តើមឡើងបន្តពីឆ្នាំ២០២៥ ក្នុងគោលបំណងសំខាន់ៗដូចជា៖ អបអរសាទរបេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌របស់អង្គការយូណេស្កូ ដែលសរុបមកដល់ពេលនេះមានចំនួន៧ គឺរបាំព្រះរាជទ្រព្យ (ឆ្នាំ២០០៣) ល្ខោនស្រមោលស្បែកធំ (ឆ្នាំ២០០៥) ល្បែងទាញព្រ័ត្រ (ឆ្នាំ២០១៥) ចាប៉ីដងវែង (ឆ្នាំ២០១៦) ល្ខោនខោលវត្តស្វាយអណ្តែត (ឆ្នាំ២០១៨) គុនល្បុក្កតោ (ឆ្នាំ២០២២) និងក្រមាខ្មែរ (ឆ្នាំ២០២៤)។ ផ្សព្វផ្សាយមរតកវប្បធម៌អរូបី៖ បង្កើនការយល់ដឹងដល់សាធារណជន និងយុវជន អំពីសិល្បៈ ប្រពៃណី ល្បែងប្រជាប្រិយខ្មែរ និងបេតិកភណ្ឌអរូបីរបស់អង្គការយូណេស្កូ។ លើកស្ទួយសិល្បៈសហគមន៍៖ ផ្តល់វេទិកាបង្ហាញស្នាដៃដល់ព្រឹទ្ធាចារ្យ សិល្បករ និងសហគមន៍មូលដ្ឋាន ដើម្បីថែរក្សា និងផ្ទេរចំណេះដឹងប្រពៃណីឱ្យគង់វង្ស។ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ៖ ផ្សារភ្ជាប់មិត្តភាព និងផ្លាស់ប្តូរបទពិសោធន៍វប្បធម៌ រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងជំរុញឧស្សាហកម្មវប្បធម៌ច្នៃប្រតិដ្ឋ៖ លើកស្ទួយសេដ្ឋកិច្ច និងទាក់ទាញភ្ញៀវទេសចរ តាមរយៈការតាំងពិព័រណ៍ ការបង្ហាញម៉ូដ និងការសម្តែងទស្សនីយភាព។

ឯកឧត្តម ឈុំ ម៉េងហុង បានបន្តថា សម្រាប់កម្មវិធីរយៈពេល២ថ្ងៃនេះ យើងមានកិត្តិយសទទួលបានការចូលរួមសម្តែង និងតាំង បង្ហាញពីក្រុមសិល្បៈ ស្ថាប័នជំនាញ និងសហគមន៍សរុបចំនួន១១ក្រុម/សហគមន៍ មកពីរាជធានី ភ្នំពេញ បណ្តាខេត្តនានា និងប្រទេសជាមិត្ត។

នាឱកាសនេះ លោកជំទាវ សុទ្ធ សុម៉ាលី បានថ្លែងថា កម្មវិធីសប្តាហ៍វប្បធម៌អរូបីរយៈពេល ២ ថ្ងៃនេះ គឺជាវេទិកាដ៏សំខាន់ដែលឆ្លុះបញ្ចាំងពីចំណុចស្នូលចំនួន ៣៖ ១. លើកតម្កើងតួនាទីសហគមន៍ និងសិល្បករ៖ វត្តមានរបស់សហគមន៍ព្រ័ត្រកំពង់កុង សហគមន៍ព្រ័ត្រភូមិរកា សហគមន៍ជនជាតិដើមភាគតិចខេត្តរតនគិរី រួមជាមួយក្រុមសិល្បៈទស្សនីយភាព និងស្ថាប័នជំនាញនានា បង្ហាញពីភាពសម្បូរបែប និងពហុវប្បធម៌ដ៏រឹងមាំរបស់កម្ពុជា។ ២. រឹតចំណងមិត្តភាពអន្តរជាតិ៖ ការចូលរួមសម្តែងល្បែងទាញព្រ័ត្រ និងតាំងពិព័រណ៍ពីគណៈប្រតិភូសាធារណរដ្ឋកូរ៉េ គឺជាសក្ខីភាពនៃការផ្លាស់ប្តូរវប្បធម៌ និងសាមគ្គីភាពរវាងប្រទេសទាំងពីរ ដែលមានមរតកល្បែងទាញព្រ័ត្រចុះបញ្ជីរួមគ្នានៅអង្គការយូណេស្កូ និង៣. បំផុសគំនិតច្នៃប្រតិដ្ឋដល់យុវជន៖ ការបង្ហាញម៉ូដស្បៃខ្មែរ ការតាំងពិព័រណ៍ និងការសម្តែងសិល្បៈ នឹងជួយឱ្យសាធារណជន និងយុវជនយល់ច្បាស់ពីតម្លៃសិល្បៈប្រពៃណី ព្រមទាំងជំរុញការច្នៃប្រតិដ្ឋថ្មីៗដោយឈរលើអត្តសញ្ញាណជាតិ៕ អត្ថបទ រដ្ឋា











