បាល់ទាត់៖ អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ Jose Mourinho បានក្លាយជាអ្នកចាត់ការទី១ ហើយដែលដឹកនាំក្រុមឈ្នះគ្រប់ពាននៃក្របខណ្ឌក្លិបអាជីពអឺរ៉ុបទាំងបី បន្ទាប់ពីដឹកនាំ AS Roma យកឈ្នះ Feyenoord លើកពាន UEFA Europa Conference League លើកដំបូង។

មួយគ្រាប់ជ័យជំនះរបស់ Roma សំរេចបានដោយ Nicolo Zaniolo តាំងពីនាទីទី៣២ បើទោះជា Feyenoord មានឱកាសស៊ុតជាច្រើនលើកតែមិនបានសំរេច។ នេះជារដូវកាលដំបូងប៉ុណ្ណោះសំរាប់លោក Jose Mourinho ដែលមកដឹកនាំ Roma ខណៈអតីតអ្នកចាត់ការ Manchester United បានទទួលរងការរិះគន់ខ្លាំងក្រោយបរាជ័យ ៦-១ ទល់នឹងក្លិបណ័រវេយ Bodo/Glimt នៅវគ្គចែកពូលកាលពីខែតុលា។
តែ Jose Mourinho បានឆ្លើយមកវិញជាមួយនឹងជ័យជំនះនេះដែលមានន័យថា លោកក្លាយជាអ្នកចាត់ការដំបូងដែលដឹកនាំក្រុមឈ្នះជើងឯក UEFA Champions League, UEFA Cup និង Europa League និងចុងក្រោយនេះ UEFA Europa Conference League ហើយក៏ជាស្ថិតិឥតខ្ចោះផងដែរសំរាប់លោក Jose Mourinho មិនដែលចាញ់នៅវគ្គផ្តាច់ព្រ័ត្រ។ រំលឹកថា Jose Mourinho ធ្លាប់ដឹកនាំ Porto ឈ្នះពាន UEFA Cup និង UEFA Champions League ដឹកនាំ Inter Milan ឈ្នះ Champions League និងដឹកនាំ Manchester United ឈ្នះពាន Europa League៕
អត្ថបទ៖នាង សុភាវុធ