រុស្ស៊ី៖ មន្ត្រីជាន់ខ្ពស់មួយរូបរបស់រុស្ស៊ីនិយាយថា ក្រុង Moscow អាចនឹងអនុញ្ញាតឲ្យនាវាដឹកស្បៀងអាហារចាកចេញពីកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ជាថ្នូរនឹងការលើកលែងទណ្ឌកម្មមួយចំនួនដែលបានដាក់លើប្រទេសរុស្ស៊ី ដោយសារតែការលុកលុយចូលអ៊ុយក្រែន។

កំពង់ផែនានារបស់អ៊ុយក្រែនត្រូវបានបិទ ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលនាំឲ្យគ្រាប់ធញ្ញជាតិជាង ២០លានតោនមិនអាចនាំចេញបាន។ រុស្ស៊ី និងអ៊ុយក្រែនបានផ្គត់ផ្គង់ស្រូវសាលីសកលជិត ១ភាគ៣។ ប្រទេសអ៊ុយក្រែនក៏ជាប្រទេសនាំចេញដ៏សំខាន់នៃដំណាំពោត និងផ្កាឈូករ័ត្នផងដែរ ហើយការបិទទ្វារកំពង់ផែកំពុងបង្កឲ្យមានវិបត្តិស្បៀងអាហារសកលកើនឡើងឥតឈប់ឈរ។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Andrei Rudenko ត្រូវបានសារព័ត៌មានរុស្ស៊ី Interfax ដកស្រង់សម្ដីដោយនិយាយថា ពួកលោកបានបញ្ជាក់ដដែលៗលើចំណុចនេះថា ដំណោះស្រាយលើបញ្ហាស្បៀងអាហារត្រូវការមធ្យោបាយទូលំទូលាយ រួមទាំងការដកទណ្ឌកម្មដែលបានដាក់លើការនាំចេញ និងចរន្តហិរញ្ញវត្ថុរបស់រុស្ស៊ី៕
អត្ថបទ៖ សុខមាន