អឺរ៉ុប៖ ប្រមុខកិច្ចការបរទេសរបស់ប្លុកសហភាពអឺរ៉ុបលោក Josep Borrell បានព្រមានកាលពីថ្ងៃពុធថា ប្លុកនេះមិនទាន់បានត្រៀមខ្លួនសម្រាប់សង្គ្រាមដូចជានៅអ៊ុយក្រែននោះទេ។ លោកបានអះអាងបែបនេះនៅក្នុងការជជែកដេញដោល ដែលរៀបចំដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាគោលនយោបាយអឺរ៉ុប (CEPS)។
ប្រមុខការទូតរូបនេះបាននិយាយថា លោកមិនជឿថា វាជារឿង "ប្រាកដនិយម" ដែលថា បណ្ដាប្រទេសសហភាពអឺរ៉ុបអាចធ្វើឲ្យប្រសើរឡើង នូវសមត្ថភាពយោធារបស់ខ្លួនឲ្យបានទាន់ពេលវេលា ព្រោះថាដំណើរការនេះគឺជាបញ្ហា "ស្ម័គ្រចិត្ត" និងពុំមាន "ច្បាប់ទំនាញដើម្បីធ្វើឲ្យបញ្ហានានាកើតឡើង" បានទេ។ លោកបានពន្យល់ថា ទោះជាគេដឹងស្គាល់ច្បាស់ថា ចំណុចខ្វះខាតផ្នែកការពារជាតិរបស់សហភាពអឺរ៉ុប នៅទីណាក៏ដោយក៏ត្រូវតែមាន "ការដាស់តឿន" ដល់ក្រុមសមាជិកដើម្បីធ្វើសកម្មភាពក្នុងលក្ខណៈសម្របសម្រួលមួយ និងមិនខ្ជះខ្ជាយលុយកាក់។ ទោះជាយ៉ាងណាក៏ដោយ លោកបានសម្តែងការខកចិត្ត ដែលថាសង្គ្រាមនៅអ៊ុយក្រែនទំនងជាមិនមែនជា "ការដាស់តឿនឲ្យទាន់ពេលវេលា" នោះទេ។ លោក Borrel បាននិយាយថា យើងគួរតែរៀនពីសង្គ្រាមនេះ។ ជាក់ស្ដែងកងទ័ពអឺរ៉ុបមិនអាចទប់ទល់សង្គ្រាមដូចនៅអ៊ុយក្រែនលើសពីពីរសប្តាហ៍ទេ។ ពួកគេនឹងអស់គ្រាប់រំសេវ”៕
អត្ថបទ៖ សុខមាន