ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មី ឆ្លើយតបនឹងសំនួរអ្នកកាសែតអំពីបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតសម្រាប់គណបក្សប្រជាជនកម្ពុជា ដោយសម្តេចបានបញ្ជាក់ថា អាចប្រព្រឹត្តិទៅនៅពេលណានោះ នៅមិនទាន់ច្បាស់នៅឡើយទេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបោះឆ្នោតនាពេលខាងមុខនេះគឺនៅឆ្នាំ២០២៣ សម្តេចនៅតែបន្តជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់គណបក្សប្រជាជនកម្ពុជាដដែល។
សម្តេចតេជោ ហ៊ុ ន សែន ប្រកាសទៅអ្នកតិះទានរឿងបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនសម្រាប់គណបក្សប្រជាជនកម្ពុជា គឺលោក ហ៊ុន ម៉ាណែត សូមអញ្ជើញបន្តតិះទានបន្តទៅទៀតចុះ តែសម្រាប់កម្ពុជា គឺអ្វីៗត្រូវធ្វើឡើងតាមរយៈការបោះឆ្នោតដ៏ត្រឹមត្រូវ និងទៀតទាត់ តាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បើ ហ៊ុន ម៉ាណែត មិនល្អ ឬមិនស័ក្តិសមសម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ក៏គ្មានការឯកភាពផ្ទៃក្នុងបក្សដែរ។ សម្តេចបញ្ជាក់ថា «បើកូនខ្ញុំមិនល្អ ក៏គ្មានការសម្រេចឯកភាពសម្រាប់បេក្ខភាពបន្តវេនដែរ...។ បើកូនខ្ញុំមិនកើត ខ្ញុំមិនអនុញ្ញាតឱ្យកូនគាត់មកបំផ្លាញគណបក្សប្រជាជនកម្ពុជា ដែលមានភាពចាស់ទុំ និងពលីកម្មគ្រប់បែបយ៉ាងដើម្បីជាតិ ប្រជាជន និងទឹកដីកម្ពុជានោះទេ»។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា «ទោះហ៊ុន ម៉ាណែត ឬមិន ហ៊ុន ម៉ាណែត ជាបេក្ខភាពបន្តវេនក៏ដោយ វាអាស្រ័យលើការបោះឆ្នោតរបស់ប្រជាជនឯណោះទៅវិញទេ។...បើបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត វាមិនត្រឹមតែបាត់ ហ៊ុន ម៉ាណែត ម្នាក់ឯងឡើយ ហ៊ុន សែន ក៏បាត់ដូចគ្នា ដូច្នេះមុននឹងមានការតិះទានលើបញ្ហានេះ សូមមើលឱ្យបានច្បាស់ពីទិដ្ឋភាពជាក់ស្តែង និងការប្រព្រឹត្តិទៅរបស់កម្ពុជាជាមុនសិន»។៕