ភ្នំពេញ ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅល្ងាចថ្ងៃទី២៧ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីការនឹករលឹកសួរសុខទុក្ខបងប្រុសទីមួយរបស់សម្តេចគឺឯកឧត្តម ហ៊ុន សាន ដែលទើបតែត្រឡប់មកពីព្យាបាលជំងឺនៅប្រទេសថៃ។ សម្តេចតេជោ នៅតែបង្ហាញអារម្មណ៍រំជួលចិត្ត ខណៈដែលព្យាយាមបន្តលាក់ព័ត៌មានពីមរណភាពសម្តេចទេពញាណ ហ៊ុន ណេង ជាបងប្រុសទី២ មិនអោយបងប្រុសទីមួយដឹងពីរឿងនេះ។
សម្តេចតេជោបានបង្ហោះក្នុងខ្លឹមសារដើមទាំងស្រុងថា :« ល្ងាចនេះទៅសួរសុខទុក្ខបងទីមួយដែលទើបវិលត្រឡប់ពីទីក្រុងបាងកកប្រទេសថៃក្រោយការវះកាត់។ទោះបីសុខភាពគាត់ប្រសើរជាងមុនក្តីតែខ្ញុំនៅតែមិនទាន់ហ៊ានប្រាប់គាត់ពីមរណភាពបងប្រុសទីពីរនៅឡើយ។២ថ្ងៃមុននេះជាខួបលើកទី៩ឆ្នាំនៃមរណភាពភរិយារបស់គាត់ដែលត្រូវជាបងថ្លៃរបស់ខ្ញុំ ប្រសិនខ្ញុំជំរាបគាត់ពីរឿងមរណភាពបងទីពីរទៀតប្រហែលគាត់ពិបាកទទួល។
ខ្ញុំក៍ទទួលរងនូវការវាយប្រហារខាងផ្លូវចិត្តខ្លាំងណាស់ដែរនៅពេលដែលបងប្រុសខ្ញុំលើកដៃចង្អុលទៅរករូបថតដែលបងប្អូនខ្ញុំទាំង៦នាក់ថតជាមួយឪពុកខ្ញុំហើយនិយាយថាបងប្អូនយើងមាន៦នាក់ប្រុស៣នាក់ស្រី៣នាក់ប្រុស៣នាក់ដំបូងទើបមានស្រី៣នាក់ជាក្រោយដោយពុំមានឆ្លាស់គ្នាស្រីនិងប្រុសនោះទេតែគាត់ពុំបានដឹងថាពេលនេះនៅសល់តែ៥នាក់នោះឡើយ។ទឹកភ្នែកខ្ញុំស្ទើរតែហូរចេញមកហើយខ្ញុំបែរមុខទៅម្ខាងនិងងាកមកវិញបបួលគាត់ដូរនាឡិការដៃដើម្បីបញ្ចប់នូវរឿងសោកសៅ។ទ្រាំរក្សាទុកដំណឹងនេះមិនឱយគាត់ដឹងមួយរយះសិនដើម្បីសុខភាពគាត់។សង្ឃឹមថាបងទីមួយនិងវិញ្ញាក្ខន្ធបងទីពីរនឹងយល់ពីការលំបាករបស់ខ្ញុំនៅពេលនេះ» ៕ អត្ថបទ ៖ រក្សា













