កណ្ដាល៖ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្ដាលនិង ជាប្រធានក្រុមការងារទទួលបន្ទុកចុះជួយស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម និងកៀនស្វាយ ជំរុញទៅសមាជិកសមាជិកការគណបក្សក្នុងខេត្តត្រូវបន្តពង្រឹងសមាគ្គីភាព ឆ្ពោះទៅការទទួលបាននូវជ័យជំនះ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។
ក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្សក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា សមាជិករបស់គណបក្សដែលមានតួនាទីជាអាជ្ញាធរមូលដ្ឋាន ត្រូវពិនិត្យមើលនូវចំណុចខ្លាំង ចំណុចខ្សោយរបស់ខ្លួន រួមទាំងបញ្ហាប្រឈមផ្សេងៗ។
ឯកឧត្តម បានបន្តថា មួយវិញទៀតត្រូវពិនិត្យមើលបញ្ហា ឬសំណូមពររបស់ប្រជាពលរដ្ឋអ្វីខ្លះ ដែលមិនទាន់បានដោះស្រាយជូនពួកគាត់ ក្នុងរយៈពេល៥ឆ្នាំមកនេះ ហើយអ្វីខ្លះដែលបានដោះស្រាយហើយ ក៏ត្រូវបង្ហាញដល់ពលរដ្ឋឲ្យបានដឹង ។
ឯកឧត្តម ប្រធានក្រុមការងារ បន្ថែមថា ចំពោះការងាបក្ស ទាំងក្រុមការងារថ្នាក់ជាតិ ក្រុមការងារគណបក្សចុះជួយមូលដ្ឋាន រួមទាំងបេក្ខជនឈ្មោះបោះឆ្នោតទាំងពេញសិទ្ធិ និងបម្រុងត្រូវតែសាមគ្គីគ្នា ឯកភាព កិច្ចសហការល្អ ជួយគ្នា ដើម្បីពង្រឹងសកម្មភាពផែនការ ៥ឆ្នាំ នៃការបោះឆ្នោត និងការឃោសនា ព្រោះដំណាក់កាលនេះ ជាការប្រកួតប្រជែងគ្នារវាងគណបក្សនយោបាយផ្សេងៗ តាមបែបលទ្ធិប្រជាធិបតេយ្យ ដោយសមាជិកបក្សត្រូវផ្សព្វផ្សាយពីគោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់ ដល់ប្រជាពលរដ្ឋឲ្យបានជ្រួតជ្រាប ដើម្បីឲ្យពួកគាត់បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ។
ឯកឧត្តម បានបន្ថែមទៀតថា ភាពជោគជ័យនៃការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍នេះក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីប្រសិទ្ធភាពនៃការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំអនុវត្តយ៉ាងម៉ឺងម៉ាត់ នឹងល្អប្រសើរក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីត-១៩ នឹងបញ្ជាក់ឲ្យឃើញថា ការប្រគល់សិទ្ធិអំណាចពីរាជរដ្ឋាភិបាលក្នុងការចាត់ចែងមុខងារមួយចំនួនចាំបាច់ទៅឲ្យថ្នាក់ក្រោមជាតិគឺមានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ សៅ យ៉ាម៉ង់