កំពត៖ ដើម្បីសម្រួលដល់ការលក់ដូររបស់អាជីវករ នៅក្នុងផ្សារតានី កុំឱ្យក្តៅថប់ខ្យល់ និងមានក្លិនមិនល្អ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអះអាងថា នឹងជួយរៀបចំធ្វើដំបូលផ្សារតានី ស្រុកអង្គរជ័យ ឲ្យខ្ពស់ជាងមុន និងមានបំពាក់កង្ហារបឺតក្លិនផងដែរ។
នាថ្ងៃទី២៧ ឧសភា ម្សិលមិញនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីជំនាញនិងពាក់ព័ន្ធ អាជ្ញាធរ ចុះសំណេះសំណាល សួរសុខទុក្ខ អាជីវករដែលកំពុងលក់ដូរនៅក្នុងផ្សារតានី ស្រុកអង្គរជ័យ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម បានជជែកសួរនាំ អំពីស្ថានភាពទូទៅ ទាំងជីវភាពរស់នៅរបស់អាជីវករ ការងារលក់ដូរ ការងារសន្តិសុខផ្សារ ការថែរក្សាបរិស្ថាន និងអនាម័យនៅក្នុងផ្សារតានីផងដែរ។
បន្ទាប់ពីបានជជែកសួរនាំ ជាមួយអាជីវករួមមក ឯកឧត្តម ទទួលយកសំណូមពរជាច្រើនពីអាជីវករ ហើយក្នុងនោះ បញ្ហាអាទីភាពត្រូវដោះស្រាយឲ្យបានឆាប់រហ័ស គឺការគ្រោងរៀបចំដំបូលផ្សារឲ្យបានខ្ពស់ជាងមុន ដើម្បីកុំឲ្យអាជីវករក្តៅ ថប់ខ្យល់ បន្ថែមពីនោះទៅទៀត ដំបូលផ្សារត្រូវបំពាក់កង្ហារបឺតក្លិនផងដែរ ។
ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ថា ទន្ទឹមនឹងបងប្អូនអាជីវករមានជីវភាពកាន់តែប្រសើរហើយនោះ បញ្ហាសុខភាព និងអនាម័យនៅក្នុងផ្សារជាកត្តាសំខាន់បំផុត ដើម្បីទាក់ទាញអតិថិជន ភ្ញៀវទេសចរឲ្យមកទិញផលិតផល សម្ភារៈគ្រឿងប្រើប្រាស់កាន់តែច្រើនជាងមុន ។
ឯកឧត្តម អភិបាលខេត្តបានប្រាប់ឲ្យលោក ចាន់ ថា អភិបាលរងខេត្ត ជាមុខការ ក្នុងការសិក្សាឡើងប្លង់ដំបូលផ្សារឲ្យខ្ពស់ជាងមុន និងមានបំពាក់កង្ហារបឺតក្លិនផងដែរ ហើយនៅពេលឡើងប្លង់ដំបូលផ្សាររួច ត្រូវឡើងប្លង់ចំណាយឲ្យបានមុនបំណាច់ខែនេះ ដើម្បីយកទៅពិគ្រោះជាមួយអាជីវករ ហើយឯកឧត្តម អភិបាលខេត្ត លោកនឹងចូលរួមជាថវិកាជាបងប្អូនអាជីវករផងដែរ៕
អត្ថបទ៖ អន សារឹម