ប្រេស៊ីល៖ អាជ្ញាធរបាននិយាយថា បំណាក់ដីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្សយ៉ាងហោចណាស់ 79នាក់នៅក្នុងរដ្ឋ Pernambuco ភាគឦសានប្រទេសប្រេស៊ីល។
នៅរដ្ឋ Alagoas ជារដ្ឋមួយផ្សេងទៀតនៅក្នុងតំបន់ មនុស្សពីរនាក់បានស្លាប់នៅពេលដែលពួកគេត្រូវបានហូរនាំទៅឆ្ងាយដោយទឹកជំនន់ទន្លេ។ មន្ត្រីការពារស៊ីវិលបាននិយាយថា មនុស្សជាង 1,000នាក់ត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានរបស់ពួកគេ ដោយសារតែទឹកជំនន់នៅរដ្ឋ Pernambuco។ មន្ត្រីប្រតិបត្តិនៃទីភ្នាក់ងារការពារជនស៊ីវិលនៅរដ្ឋ Pernambuco លោក Leonardo Rodrigues បាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើបណ្តាញ Instagram ថា ប្រមាណ 32,000គ្រួសារបានរស់នៅក្នុងតំបន់ដែលមានហានិភ័យនៃការបាក់ដី ឬទឹកជំនន់នៅក្នុងរដ្ឋនេះ។ សាលារៀននៅក្នុងទីក្រុង Recife ត្រូវបានបើកដើម្បីទទួលជាទីជម្រកអ្នកភៀសខ្លួន។ នៅក្នុងរដ្ឋ Alagoas រដ្ឋាភិបាលរដ្ឋបាននិយាយថា ក្រុងចំនួន 33 បានប្រកាសអាសន្នដោយសារតែឥទ្ធិពលភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

រដ្ឋាភិបាលនិយាយថា មនុស្សជាង 100នាក់កំពុងបាត់ខ្លួន ខណៈបំណាក់ដី និងទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋចំនួន 2 របស់ប្រទេសប្រេស៊ីល។ ប្រធានាធិបតីលោក Jair Bolsonaro បាននិយាយនៅលើបណ្តាញ Twitter ថា ក្រុមមកពីក្រសួងអភិវឌ្ឍន៍ក្នុងតំបន់ និងកងកម្លាំងប្រដាប់អាវុធនឹងត្រូវបញ្ជូនទៅរដ្ឋ Pernambuco និងទៅកាន់រដ្ឋ Alagoas សម្រាប់ការផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងជំនួយមនុស្សធម៌៕
អត្ថបទ៖ ប៊ុនថន