កោះកុង៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង បានបង្ហាញការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពដឹកនាំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននានា បម្រើដល់ប្រយោជន៍សាធារណៈក្នុងអាណតិ្តទី៤។
ផ្លូវកៅស៊ូ ផ្លូវក្រាលគ្រួសក្រហម ផ្លូវបេតុង អាងទឹកស្អាត ការផ្តល់សេវាសាធារណៈ ទំនប់ទប់ទឹកប្រៃ សាលារៀន និងមណ្ឌលសុខភាព បានផុសលេចរាងឡើងនៅក្នុងឃុំជ្រោយប្រស់ តាមសេចក្តីត្រូវការចង់បាន របស់ប្រជាពលរដ្ឋ ក្នុងអាណត្តិទី៤។
សមិទ្ធផលទាំងនេះ បានធ្វើឱ្យប្រជាពលរដ្ឋ មានការពេញ ចិត្តជាខ្លាំងចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ប្រជាពលរដ្ឋ ក៏ជឿជាក់ថា នៅអាណត្តិទី៥នេះ មូលដ្ឋានរស់នៅរបស់ពួកគេ នឹងកាន់តែមានការអភិវឌ្ឍនូវវិស័យសំខាន់ជាច្រើនទៀត តាមរយៈការទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលមានសមត្ថភាពដឹកនាំអភិវឌ្ឍឃុំបន្ត។
លោក ពុំ ធឿន មេឃុំជ្រោយប្រស់ បានលើកឡើងថា រាល់សមិទ្ធផល ដែលបានកើតមានក្នុងមូលដ្ឋាននេះ គឺមិនជារឿងចៃដន្យនោះទេ គឺអាជ្ញាធរ បានគិតគូរយកចិត្តទុកយ៉ាងច្បាស់លាស់ តាមគម្រោងផែនការមេនីមួយៗ ។
លោកមេឃុំ បានបន្ថែមថា ក្រៅពីគម្រោងអភិវឌ្ឍន៍របស់ឃុំ អាជ្ញាធរឃុំ បានសហការសម្របសម្រួលជាមួយគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្រសួង និងមន្ទីរជំនាញពាក់ព័ន្ធផងដែរ ដើម្បីឱ្យហេដ្ឋារចនាសម្ព័ន្ធនានាកកើតមានក្នុងមូលដ្ឋាន។
លោកមេឃុំ បានប្តេជ្ញាចិត្តថា នៅពេលលោកជាប់ឆ្នោតជាមេឃុំជ្រោយប្រស់ អាណត្តិទី៥ លោកនឹងពង្រឹងពង្រីកកសាងផ្លូវគមនាគមន៍ រក្សាសន្តិសុខសន្តិភាព និងផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ តបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញឱ្យអនុវត្ត។
ឃុំជ្រោយប្រស់ ជាឃុំមួយស្ថិតនៅក្នុងស្រុកកោះកុង ខេត្តកោះកុង មានប្រជាពលរដ្ឋរស់នៅចំនួន ជាង២ពាន់នាក់ ស្មើនឹង៥៤៥គ្រួសារ ដែលភាគច្រើនប្រកបមុខរបរនេសាទសមុទ្រ និងកសិកម្ម។ ថ្វីត្បិតតែឃុំជ្រោយប្រស់ នៅទីជនបទឆ្ងាយដាច់ស្រយាលក៏ពិតមែន ប៉ុន្តែសន្ទុះ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ គួរឱ្យកត់សម្គាល់ មិនចាញ់បណ្តាស្រុកក្រុងផ្សេងនោះឡើយ៕
អត្តបទ៖ ឈឹម មករា