ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ឆ្លងកាត់ការបោះឆ្នោតយ៉ាងត្រឹមត្រូវ ជាលទ្ធផលលោក ឡេននី វង់ ជាជនជាតិខ្មែរ-កាណាដា បានជាប់ឆ្នោតជាប្រធាន និង៨រូបផ្សេងទៀត ជាប់ជាសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា សម្រាប់អាណត្តិទី១ លើកទី១។
ប្រភពពីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោយចប់ពិធីបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសកាណាដា ដែលប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ ការិយាល័យតំណាងនេះ នឹងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការសម្របសម្រួលកិច្ចពាណិជ្ជកម្ម រវាងកម្ពុជា និងកាណាដា ក៏ដូចជាជួយជំរុញ និងទាក់ទាញវិនិយោគិនកាណាដាមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនឡើង។
នៅក្នុងពិធីបោះឆ្នោតនេះ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោតបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសកាណាដា បានបញ្ជាក់ឲ្យដឹងថា កម្មវិធីបោះឆ្នោតនេះ គឺដើម្បីជ្រើសរើសបេក្ខភាពចំនួន ៩រូប ដែលនឹងត្រូវក្លាយទៅជាសមាជិក ហើយក៏ជាការិយាល័យតំណាងឱ្យសភាពាណិជ្ជកម្មកម្ពុជាទី១ ដែលមានស្នាក់ការនៅក្រៅប្រទេសផងដែរ។
ឯកឧត្តម បានបន្តថា ចំពោះការបោះឆ្នោតនេះដែរ បានដំណើការប្រកបដោយរលូន និងស្របតាមនីតិវិធីដោយបានរៀបចំជា២ដំណាក់កាល ដូចជាទី១៖ ការរៀបចំបោះឆ្នោតជ្រើសរើសសមាជិកការិយាល័យតំណាងចំនួន ៩រូប និងទី២៖ ការរៀបចំបោះឆ្នោតជ្រើសរើសប្រធានក្នុងចំណាមសមាជិកដែលបានជាប់ឆ្នោតចំនួន ៩រូប។
សូមបញ្ជាក់បន្ថែមថា លោក ឡេននី វង់ ជាជនជាតិខ្មែរ-កាណាដា គឺជាអគ្គនាយកក្រុមហ៊ុន Ocean Packers Inc ( Canada), TG Fishery Holdings Corporation ( Viet Nam) និង Canson Canada Investments (Canada) Ltd៕អត្ថបទ៖ ឈិត បូរ៉ាវី
